ក្រុមហ៊ុន Google និងម្ចាស់របស់បណ្ដាញសង្គម Facebook គឺក្រុមហ៊ុន Meta នៅថ្ងៃអង្គារ (ទី២៦ ខែវិច្ឆិកា) នេះ បានជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលីពន្យារពេលសេចក្ដីស្នើច្បាប់ដែលនឹងហាមឃាត់ទម្រង់ភាគច្រើនរបស់បណ្ដាញសង្គម ចំពោះកុមារអាយុក្រោម ១៦ឆ្នាំ ដោយលើកហេតុផលថា ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីវាយតម្លៃផលប៉ះពាល់ដែលអាចកើតមាន។
រដ្ឋាភិបាលឆ្វេងនិយមកណ្ដាលរបស់នាយករដ្ឋមន្ត្រី លោក Anthony Albanese ចង់ឲ្យអនុម័តច្បាប់ ដែលមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុតខ្លះៗ ជុំវិញការប្រើប្រាស់បណ្ដាញសង្គមរបស់កុមារ ឲ្យទៅជាច្បាប់ជាធរមាន នៅដំណាច់ឆ្នាំរបស់សភា នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ សេចក្ដីស្នើច្បាប់នេះ ត្រូវបានដាក់បង្ហាញក្នុងសភា កាលពីសប្តាហ៍មុន ហើយបានបើកឲ្យមានការបញ្ចេញមតិតែមួយថ្ងៃប៉ុណ្ណោះ។
នៅក្នុងឯកសារដាក់ស្នើរបស់ពួកគេ ក្រុមហ៊ុន Google និង Meta បានលើកឡើងថា រដ្ឋាភិបាលគួរតែរង់ចាំលទ្ធផលពីការសាកល្បងនៃការផ្ទៀងផ្ទាត់អាយុសិន មុនពេលដំណើរការច្បាប់នេះ។
គួរបញ្ជាក់ថា ច្បាប់នេះនឹងតម្រូវឲ្យវេទិកាបណ្ដាញសង្គម ហើយមិនមែនឪពុកម្តាយ ឬកូនទេ ឲ្យចាត់វិធានការត្រឹមត្រូវ ដើម្បីធានាបាននូវការការពារការផ្ទៀងផ្ទាត់អាយុ។ ក្រុមហ៊ុនអាចត្រូវបានផាកពិន័យរហូតដល់ ៤៩,៥លានដុល្លារអូស្ត្រាលី (៣២លានដុល្លារអាមេរិក) សម្រាប់ការបំពានជាប្រព័ន្ធ៕


