រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani កាលពីថ្ងៃចន្ទ (ទី២៥ ខែវិច្ឆិកា) បាននិយាយថា ក្រុមប្រទេសប្រជាធិបតេយ្យទាំង៧ (G7) កំពុងស្វែងរកជំហររួមមួយ ជុំវិញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលត្រូវបានចេញកាលពីសប្តាហ៍មុន ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។
បន្ទាប់ពីបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំការងារលើកដំបូងនៃកិច្ចប្រជុំរយៈពេល ២ថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស G7 លោក Tajani បាននិយាយថា «យើងត្រូវតែរួបរួមគ្នាលើបញ្ហានេះ»។
សហរដ្ឋអាមេរិក ដែលជាផ្នែកមួយរបស់ G7 បានច្រានចោលសេចក្តីសម្រេចរបស់ ICC ដោយប្រធានាធិបតី លោក Joe Biden បានពណ៌នាពីការចេញដីកានេះថា ជារឿងហួសហេតុ។ ហើយលោក Tajani ក្នុងនាមជាផ្នែកមួយនៃរដ្ឋាភិបាលចម្រុះដែលបានបង្ហាញការយល់ឃើញផ្សេង លើបញ្ហារបស់ ICC នេះ បាននិយាយថា លោកចង់ឲ្យ G7 និយាយក្នុងសំឡេងតែមួយ។
លោក Tajani បានបន្ថែមថា៖ «យើងបានពិភាក្សអំពីបញ្ហានេះ។ ចាំមើលថា តើយើងអាចនឹងមានចំណែកនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយដែលមានសម្រាប់តែករណីនេះដែរ ឬទេ ហើយយើងកំពុងធ្វើការ ដើម្បីស្វែងរកការយល់ស្របគ្នាមួយ»។
គួរបញ្ជាក់ថា ICC បានចេញដីកាចាប់ខ្លួន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ចំពោះលោក Netanyahu អតីតប្រមុខការពារជាតិរបស់លោក គឺលោក Yoav Gallant ព្រមទាំងមេដឹកនាំក្រុមហាម៉ាស លោក Ibrahim Al-Masri ពាក់ព័ន្ធនឹងការចោទប្រាកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងជម្លោះ នៅតំបន់ហ្កាហ្សា។ អ៊ីស្រាអែលបានថ្កោលទោសការសម្រេចចិត្តនេះថា ជារឿងគួរឲ្យអាម៉ាស់ និងមិនសមហេតុសមផលទាល់តែសោះ៕



