រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស នៅថ្ងៃអង្គារ (ទី២៦ ខែវិច្ឆិកានេះ) បាននិយាយថា ខ្លួនគ្រោងនឹងបង្កើនលទ្ធភាពទទួលបានការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត និងធ្វើកំណែទម្រង់មជ្ឈមណ្ឌលការងារ ដែលជាផ្នែកមួយនៃការជំរុញរបស់ខ្លួន ដើម្បីឲ្យមានមនុស្សកាន់តែច្រើនវិលទៅធ្វើការវិញ។
សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាល បានឲ្យដឹងថា ជំនួយគាំទ្រផ្នែកសុខភាពផ្លូវចិត្ត នឹងផ្តោតលើតំបន់ភូមិសាស្រ្តដែលមានអត្រាខ្ពស់ពីភាពអសកម្មនៃទីផ្សារការងារ ហើយមជ្ឈមណ្ឌលការងារ នឹងផ្តោតលើការផ្តល់ដំបូន្មានការងារជាជាងការពង្រឹងប្រព័ន្ធផ្តល់អត្ថប្រយោជន៍។ សេចក្ដីលម្អិត អំពីផែនការរបស់រដ្ឋាភិបាល គ្រោងនឹងចេញផ្សាយ នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកានេះ។
នាយករដ្ឋមន្ត្រី លោក Keir Starmer បានកំណត់គោលដៅនៃការទទួលបានអត្រាការងាររបស់ចក្រភពអង់គ្លេសរហូតដល់ ៨០ភាគរយ ដែលបច្ចុប្បន្នមានកម្រិតក្រោម ៧៥ភាគរយ ដោយនេះជាផ្នែកនៃផែនការពន្លឿនកំណើនសេដ្ឋកិច្ច។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេស គឺជាប្រទេសសេដ្ឋកិច្ចដ៏សំខាន់តែមួយគត់ ដែលអត្រាអសកម្មនៅតែខ្ពស់ជាងកម្រិតមុនមានជំងឺរាតត្បាតកូវីដ-១៩ ដែលភាគច្រើនត្រូវបានជំរុញដោយការកើនឡើងយ៉ាងច្រើននូវចំនួនមនុស្សឈប់ធ្វើការ ដោយសារបញ្ហាសុខភាពឈឺរយៈពេលយូរ៕


