ប្រទេសបារាំង កាលពីថ្ងៃចន្ទ (ទី២៥ ខែវិច្ឆិកា) បានប្រកាសពីយុទ្ធនាការថ្មីមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី ក្នុងនោះរួមទាំងការលើកកម្ពស់ការយល់ដឹង អំពីការប្រើប្រាស់គ្រឿងញៀន ដើម្បីប្រព្រឹត្តិអំពើរំលោភបំពានផ្លូវភេទ ខណៈដែលប្រទេសនេះប្រឈមជាមួយនឹងសវនាការករណីរំលោភសេពសន្ថវៈដ៏ធំមួយ ពោលគឺជាសំណុំរឿងដែលបានធ្វើឲ្យសាធារណជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
រដ្ឋមន្ត្រីសមភាព លោកស្រី Salima Saa បានបង្ហាញគំនិតផ្តួចផ្តើមគំនិតនេះ ដោយមានរយៈពេល ២ថ្ងៃបន្ទាប់ពីមនុស្សរាប់ម៉ឺននាក់ បានធ្វើបាតុកម្មថ្មី នៅក្នុងទីក្រុងនានារបស់បារាំង ប្រឆាំងនឹងអំពើហិង្សាលើស្ត្រី ដែលក្រុមអ្នកតវ៉ា បានបរិហារសកម្មភាពរបស់រដ្ឋាភិបាលថា ជា «ការតុបតែងលម្អមាត់បង្អួច» ពោលគឺបានតែបង្កើតវិធានការ តែគ្មានប្រសិទ្ធភាព។
គួរបញ្ជាក់ថា សំណុំរឿងរបស់លោក Dominique Pelicot បានបង្កឲ្យមានកំហឹងយ៉ាងខ្លាំងក្លា នៅបារាំង។ បុរសវ័យ ៧១ឆ្នាំរូបនេះ កំពុងត្រូវបានកាត់ទោសពីបទរំលោភសេពសន្ថវៈ និងជួលមនុស្សប្លែកមុខរាប់សិបនាក់ ដើម្បីឲ្យមកប្រព្រឹត្តអំពើអសីលធម៌លើប្រពន្ធរបស់លោក អស់រយៈពេលជិត ១ទសវត្សរ៍ នៅក្នុងភូមិ Mazan។ រូបលោកកំពុងស្ថិតក្នុងរង្វង់ក្រចកសេះ នៅឯតុលាការ ជាមួយបុរស ៥០នាក់ផ្សេងទៀត ដែលភាគច្រើនបានបដិសេធការចោទប្រកាន់៕


