ក្រុមអាជ្ញាធរនិយាយថា ក្រុមឆ្មាំល្បាតឆ្នេរអេស្ប៉ាញ បានជួយសង្រ្គោះជនអន្តោប្រវេសន៍ ៨៤នាក់ នៅជិតកោះ El Hierro នៃប្រជុំកោះ Canary ។
ទូកឈើមួយគ្រឿងត្រូវបានគេប្រទះឃើញស្ថិតនៅចម្ងាយ ១៦គ.មពីកោះ El Hierro ហើយត្រូវបានអូសមកកាន់កំពង់ផែ La Restinga ខណៈភ្ញៀវទេសចរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលមើលឃើញនាវាចូលចត ហើយជនអន្តោប្រវេសន៍ បានចុះពីលើនាវា ។
ទិន្នន័យពីទីភ្នាក់ងារព្រំដែន EU បង្ហាញថា ប្រជុំកោះ Canary បានចុះបញ្ជីការមកដល់របស់ជនអន្តោប្រវេសន៍លឿនបំផុតតាមសមុទ្រនៅសហភាពអឺរ៉ុបក្នុងឆ្នាំនេះ ។
យោងតាមការអះអាងរបស់របស់ក្រសួងមហាផ្ទៃអេស្ប៉ាញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៥ ខែវិច្ឆិកា ប្រជុំកោះមួយនេះ ទទួលបានជនអន្តោប្រវេសន៍សរុប ៣៩.៧១៣នាក់ ពោលគឺកើនឡើង ២៣ភាគរយ ច្រើនជាងអំឡុងពេលតែមួយកាលពីឆ្នាំមុន ។
នៅក្នុងឆ្នាំនេះ កោះ El Hierro ដែលមិនទទួលជើងហោះហើរដោយផ្ទាល់ពីក្រៅប្រជុំកោះ បានទទួលជនអន្តោប្រវេសន៍ពាក់កណ្តាលនៃការមកដល់របស់ជនអន្តោប្រវេសន៍ខុសពីប្រក្រតីនៅប្រជុំកោះ Canary ដែលជាតំបន់ស្វយ័តរបស់អេស្ប៉ាញ ។
យោងតាមការអះអាងរបស់ក្រុមកាកបាទក្រហម បានឲ្យដឹងថា ជនអន្តោប្រវេសន៍ប្រហែល ១៩.៤០០នាក់ បានធ្វើដំណើរទៅដល់កោះ El Hierro គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ៕


