ប្រព័ន្ធផ្សព្វផ្សាយស៊ុយអែត និងដាណឺម៉ាក បានរាយការណ៍ថា ប្រទេសដាណឺម៉ាក និងប្រទេសមួយចំនួនទៀត កំពុងជួបពិភាក្សាជាមួយប្រទេសចិនជាផ្នែកមួយនៃការស៊ើបអង្កេតលើខ្សែកាប ដែលកាត់ផ្តាច់ នៅក្រោមសមុទ្របាល់ទិក ខណៈដែលពួកគេកំពុងស្វែងរកដើម្បីកំណត់ថាតើនាវាដឹកទំនិញស្ងួតរបស់ចិន Yi Peng 3 មានការពាក់ព័ន្ធដែរឬទេ?
យោងតាមទូរទស្សន៍ SVT និងវិទ្យុដាណឺម៉ាក បានឲ្យដឹងថា នាវាចិនបច្ចុប្បន្ន កំពុងបោះយុថ្កា នៅក្នុងដែនទឹកអន្តរជាតិ នៅកណ្តាលច្រកសមុទ្រ Kattegat នៃឧបទ្វីប Bjare។ ។ កងទ័ពជើងទឹកដាណឺម៉ាក បានត្រួតពិនិត្យនាវា Yi Peng 3 អស់រយៈពេល ៦ថ្ងៃ ដោយមាននាវាឆ្មាំឆ្នេរសមុទ្រស៊ុយអែត និងអាល្លឺម៉ង់ បានចូលរួមនៅចុងសប្តាហ៍មុន។
ទន្ទឹមនឹងនោះ ការអនុញ្ញាតត្រូវបានស្នើសុំពីអាជ្ញាធរចិន ដើម្បីសាកសួរនាវិក ដែលជាផ្នែកមួយនៃការស៊ើបអង្កេតស៊ុយអែត ដើម្បីកំណត់ថាតើនាវានេះ បានដើរតួក្នុងការវាយប្រហារដោយបំផ្លិចបំផ្លាញដែរឬអត់។
មេធាវីមកពីទីភ្នាក់ងាររដ្ឋាភិបាលស៊ុយអែតជាច្រើន កំពុងសម្លឹងមើលភាពស្របច្បាប់នៃសកម្មភាពដែលមានសក្តានុពលផ្សេងៗ រួមទាំងជម្រើសនៃការស្វែងរកនាវា ដោយគ្មានការអនុញ្ញាតពីប្រទេសចិន។ ការស៊ើបអង្កេត បានចាប់អារម្មណ៍ទៅលើនាវា Yi Peng 3 បន្ទាប់ពីការវិភាគអំពីចលនារបស់នាវានេះ បានបង្ហាញថា វាស្ថិតនៅជិតតំបន់ដែលមានការរំខាន នៅពេលដែលខ្សែកាបទាំងពីរនោះ បានរងការខូចខាតនោះ។

