ការផ្ទុះគ្រាប់ទ្រង់ទ្រាយធំ បានអង្រួនតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ប្រទេសលីបង់ កាលពីថ្ងៃចន្ទ ពេលដែលការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវចំអគារ ក្រោយការព្រមានរបស់យោធាអ៊ីស្រាអែលនៅលើបណ្តាញព័ត៌មានសង្គម X ។ សំណុំផ្សែងបានហុយពីលើសង្កាត់ Chiyah ពេលដែលមនុស្សម្នា នាំគ្នាពិនិត្យមើលការខូចខាត ។
អនុប្រធានសភាលីបង់លោក Elias Bou Saab បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពុំមានឧបសគ្គធ្ងន់ធ្ងរសេសសល់នោះទេ ក្នុងការចាប់ផ្តើមអនុវត្តបទឈប់បាញ់រយៈពេល ៦០ថ្ងៃស្នើសុំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធធន់ធ្ងន់ហេសបូឡាលីបង់ ។
ជម្លោះបានឡើងកម្តៅខ្លាំង ស្របពេលមានកិច្ចខិតខំផ្នែកការទូត ដើម្បីបញ្ចប់សង្រ្គាម ក្នុងនោះកាលពីចុងសប្តាហ៍កន្លងទៅ អ៊ីស្រាអែល បានបើកការវាយប្រហារតាមច្រកអាកាសយ៉ាងខ្លាំងក្លា ដោយបានសម្លាប់មនុស្សយ៉ាងហោច ២៩នាក់នៅតំបន់ភាគកណ្តាលទីក្រុងបេរូត ខណៈក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហាររ៉ុក្កែតទ្រង់ទ្រាយធំបំផុតរបស់ខ្លួនផងដែរកាលពីថ្ងៃអាទិត្យ ជាមួយនឹងការបាញ់រ៉ុក្កែតចំនួន ២៥០គ្រាប់ ។
ក្រុមហេសបូឡា ដែលអុជអាលដោយសារសង្រ្គាមតំបន់ហ្កាហ្សា បានផ្ទុះជម្លោះពេញបន្ទុកកាលពីខែកញ្ញា ពេលដែលអ៊ីស្រាអែល បើកការវាយប្រហាររបស់ពួកគេ ជាមួយនឹងការវាយប្រហារតាមច្រកអាកាសលើតំបន់ជាច្រើនរបស់លីបង់ និងបញ្ជូនទាហានរបស់ខ្លួនឆ្លងកាត់ព្រំដែនចូលទៅកាន់តំបន់ភាគខាងត្បូងប្រទេសលីបង់ ។
ការវាយប្រហាររបស់អ៊ីស្រាអែល បានបង្ខំឲ្យពលរដ្ឋជាង ១លាននាក់ រត់ភៀសខ្លួននៅក្នុងប្រទេសលីបង់ ។
អ៊ីស្រាអែល និយាយថា គោលបំណងសំខាន់របស់ខ្លួនគឺចង់ឲ្យពលរដ្ឋរាប់ម៉ឺននាក់របស់ពួកគេ ដែលបានរត់ភៀសខ្លួនចេញពីតំបន់ភាគខាងជើងអ៊ីស្រាអែល វិលត្រឡប់មកកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ៕


