អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ទីក្រុងប៉េកាំងនឹងបន្តលើកកម្ពស់យ៉ាងសកម្មចំពោះកិច្ចប្រជុំស្វែងរកសន្តិភាព ហើយនិងផ្តល់ជូនការគាំទ្រដំណើរការសន្តិភាពនៅតំបន់ភាគខាងជើងមីយ៉ាន់ម៉ា ។
អនុសាសន៍បែបនេះ បានកើតមានឡើង ក្រោយកងទ័ពជនជាតិភាគតិច ដែលជាផ្នែកមួយនៃសម្ព័ន្ធភាពក្រុមឧទ្ទាមធ្វើសង្រ្គាមជាមួយយោធាកាន់កាប់អំណាចរបស់មីយ៉ាន់ម៉ា ប្រកាសឲ្យដឹងពីឆន្ទៈរបស់ពួកគេ ក្នុងការចូលរួមកិច្ចប្រជុំជាមួយរបបសឹក ក្រោយសង្រ្គាមអស់រយៈពេល ១ឆ្នាំនៅតាមព្រំដែនមីយ៉ាន់ម៉ា-ចិន ។
ការសម្រេចចិត្តរបស់កងទ័ពរំដោះជាតិ Ta'ang (TNLA)ដែលបានប្រកាសកាលពីល្ងាចថ្ងៃចន្ទ បានកើតមានឡើង ក្រោយពេលប្រទេសជិតខាងចិនរបស់មីយ៉ាន់ម៉ា បានដាក់សំពាធក្រុមឧទ្ទាម ស្របពេលមានការចុះខ្សោយយ៉ាងឆាប់រហ័សរបស់យោធា ដែលទីក្រុងប៉េកាំង យល់ឃើញជាយូរមកហើយថាជាអ្នកធានាស្ថិរភាព ។
មីយ៉ាន់ម៉ា ស្ថិតក្នុងស្ថានភាពចលាចលចាប់តាំងពីយោធាទម្លាក់រដ្ឋាភិបាលឈ្នះឆ្នោតដឹកនាំដោយមាតាប្រជាធិបតេយ្យលោកស្រី Aung San Suu Kyi កាលពីឆ្នាំ ២០២១ បង្កឲ្យមានចលនាតស៊ូដែលបានចាប់ផ្តើមឡើង ពេលបាតុកម្មដោយស្ងៀមស្ងាត់ ហើយក្រោយមកប្រែក្លាយជាក្រុមបះបោរប្រដាប់អាវុធនៅតាមខ្សែត្រៀមមុខជាច្រើន ៕

