យោធាចិន នៅថ្ងៃអង្គារ (ទី២៦ ខែវិច្ឆិកា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានដាក់ពង្រាយកងកម្លាំងជើងទឹក និងដែនអាកាស ដើម្បីតាមដាន និងព្រមានយន្តហោះល្បាតរបស់កងទ័ពជើងទឹកអាមេរិក ដែលបានហោះកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប ដោយបានថ្កោលទោសសហរដ្ឋអាមេរិកថា បានព្យាយាម «បំភ័ន្ត» សហគមន៍អន្តរជាតិ។
ប្រហែលជាមួយខែម្តង នាវា ឬយន្តហោះយោធាអាមេរិក ឆ្លងកាត់ ឬហោះពីលើផ្លូវទឹកដែលខណ្ឌចែកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ពីប្រទេសចិន ជាបេសកកម្មដែលតែងតែធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បា។
គួរបញ្ជាក់ថា ចិនទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់ ហើយនិយាយថា ខ្លួនមានយុត្តាធិការលើច្រកសមុទ្រនេះ។ កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក ជំទាស់នឹងការអះអាងនោះ ដោយនិយាយថា ច្រកសមុទ្រនេះ ជាផ្លូវទឹកអន្តរជាតិ។
ចំណែកកងនាវាទី៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា យន្តហោះល្បាតដែនសមុទ្រ P-8A Poseidon បានហោះឆ្លងកាត់ច្រកសមុទ្រនេះ «នៅក្នុងដែនអាកាសអន្តរជាតិ» ដោយបន្ថែមថា ការហោះហើរនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងនាវានេះបានឲ្យដឹងថា៖ «តាមរយៈប្រតិបត្តិការ នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ស្របតាមច្បាប់អន្តរជាតិ សហរដ្ឋអាមេរិកគាំទ្រសិទ្ធិ និងសេរីភាពធ្វើនាវាចរណ៍របស់ប្រជាជាតិទាំងអស់»។
តែយោធារបស់ប្រទេសចិន បានរិះគន់ការហោះហើរនេះថា ជាទង្វើនៃ «ការឃោសនាបំផ្លើសជាសាធារណៈ» ដោយបន្ថែមថា ខ្លួនបានតាមដានយន្តហោះអាមេរិក ក្នុងកំឡុងពេលនៃការឆ្លងកាត់នេះ ហើយបាន «ឆ្លើយតបយ៉ាងមានប្រសិទ្ធភាព» ទៅនឹងស្ថានភាពនេះ៕

