ក្រសួងឧស្សាហកម្មក្រុងសេអ៊ូល បាននិយាយថា ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមកិច្ចចរចាជុំទី៤ សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជាមួយប្រទេសម៉ុងហ្គោលី នៅថ្ងៃអង្គារនេះ ក្នុងគោលបំណងពង្រីកទំនាក់ទំនង នៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់និងពាណិជ្ជកម្ម។
យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឲ្យដឹងថា ការចរចាអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច (EPA) បានចាប់ផ្តើម នៅក្នុងទីក្រុងសេអ៊ូល សម្រាប់រយៈពេល ៤ថ្ងៃ ដោយផ្តោតលើការជំរុញកិច្ចពិភាក្សាទាក់ទងនឹងពាណិជ្ជកម្ម ការវិនិយោគ លទ្ធកម្មសាធារណៈ និងគំនិតផ្តួចផ្តើមសហប្រតិបត្តិការផ្សេងៗទៀត។
រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Cheong In-kyo បាននិយាយក្នុងសុន្ទរកថាបើកកិច្ចពិភាក្សាថា៖«ជាមួយនឹងរចនាសម្ព័ន្ធឧស្សាហកម្មដែលមានអត្ថប្រយោជន៍ទៅវិញទៅមក កូរ៉េខាងត្បូង និងម៉ុងហ្គោលី មានសក្តានុពលដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការនេះ»។
លោក Cheong បានបន្ថែមថា៖«EPA ជាមួយម៉ុងហ្គោលី ជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនជាប់ចំណាត់ថ្នាក់ ក្នុងចំណោមប្រទេសឈានមុខគេទាំង១០របស់ពិភពលោក ដែលមានធនធានធម្មជាតិដ៏សម្បូរបែប នឹងដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យឌីជីថល»។