អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃអង្គារ (ទី២៦ ខែវិច្ឆិកា) នេះ បាននិយាយថា ការពិភាក្សានៅលោកខាងលិច អំពីការបំពាក់អាវុធនុយក្លេអ៊ែរដល់អ៊ុយក្រែន គឺ «គ្មានការទទួលខុសត្រូវទាល់តែសោះ»។
សារព័ត៌មាន New York Times បានរាយការណ៍កាលពីសប្តាហ៍មុនថា មន្ត្រីលោកខាងលិចដែលមិនបង្ហាញអត្តសញ្ញាណមួយចំនួន បានលើកឡើងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden អាចផ្តល់អាវុធនុយក្លេអ៊ែរឲ្យអ៊ុយក្រែន ទោះបីជាមានការភ័យខ្លាចថា ចំណាត់ការបែបនេះ នឹងមានផលប៉ះពាល់ធ្ងន់ធ្ងរក៏ដោយ។
លោក Peskov បាននិយាយថា ការលើកឡើងនេះ គ្រាន់តែជាប្រភពអនាមិកប៉ុណ្ណោះ ហើយអ្នកដែលបង្កើតករណីនេះឡើងមក មិនមានអារម្មណ៍ «ទទួលខុសត្រូវ» សូម្បីតែបន្តិច។ លោកបាននិយាយថា លោកខាងលិចគួរតែស្តាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយប្រុងប្រយ័ត្ន។
មុននេះ មន្ត្រីសន្តិសុខជាន់ខ្ពស់រុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ប្រសិនបើលោកខាងលិចផ្គត់ផ្គង់អាវុធនុយក្លេអ៊ែរដល់អ៊ុយក្រែន នោះទីក្រុងមូស្គូអាចពិចារណាការផ្ទេរបែបនេះថា ស្មើនឹងការវាយប្រហារលើប្រទេសរុស្ស៊ី ដែលជាការផ្តល់ហេតុផលគ្រប់គ្រន់ ដើម្បីឆ្លើយតបវិញដោយអាវុធនុយក្លេអ៊ែរ៕



