ភ្នំពេញ ៖ នៅថ្ងៃនេះរដ្ឋសភាបានសម្រេចអនុម័តទាំងស្រុងចំពោះវិសោធនកម្មច្បាប់ធម្មនុញ្ញ ស្តីអំពីការកំណត់សញ្ជាតិខ្មែរតែមួយរបស់ថ្នាក់ដឹកនាំកំពូលជាតិចំនួន៤រូប សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រដ្ឋសភាកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួមទាំងវត្តមានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមាជិក-សមាជិការដ្ឋសភាសរុបចំនួន១១១រូប។ បន្ទាប់ពីពិភាក្សា និងមានមតិពេញមួយព្រឹកក្នុងអង្គរដ្ឋសភា បានសម្រេចអនុម័តទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា ១៣៧ថ្មី មាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញជុំវិញការកំណត់សញ្ជាតិខ្មែរតែមួយរបស់ថ្នាក់ដឹកនាំកំពូលជាតិចំនួន៤រូប ដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ការសម្រេចអនុម័តរបស់រដ្ឋសភា នៅថ្ងៃនេះ ដោយសំឡេងសមាជិក-សមាជិការដ្ឋសភាចំនួន១១១/១១១សំឡេង។
ជាមួយគ្នានោះ មុនអង្គសភាសម្រេចអនុម័តទាំងស្រុង ឯកឧត្តម សេរី កុសល សមាជិកសភា បានសម្តែងមតិគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ជុំវិញការកំណត់សញ្ជាតិខ្មែរតែមួយរបស់ថ្នាក់ដឹកនាំកំពូលជាតិចំនួន៤រូប។
ក្នុងនោះ ឯកឧត្តម សេរី កុសល បានថ្លែងទៅកាន់ក្រុមប្រឆាំងអំពីការធ្វើវិសោធនកម្មនេះជាទង្វើបំភ្លៃបំភ័ន្ត និងបំផ្លើស ដើម្បីធ្វើឲ្យប្រជាពលរដ្ឋបំភ្លេចច្បាប់ធម្មនុញ្ញ។
ជាមួយគ្នានោះ ឯកឧត្តម ទី សាគន្ធ សមាជិករដ្ឋសភា ក៏បានសម្តែងការកោតសរសើរចំពោះការរៀបចំវិសោធនកម្មច្បាប់ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយរបស់ថ្នាក់ដឹកនាំកំពូលជាតិទាំង៤រូប ដែលមានសារៈសំខាន់ចំពោះការទទួលខុសត្រូវជោគវាសនាប្រទេសជាតិ ពិសេសនេះជាការរក្សាជំហរការដឹកនាំប្រទេសជាតិដោយមិនក្រោមឥទ្ធិពលពីបរទេស។
គួរបញ្ជាក់ថា គោលបំណងសំខាន់វិសោធនកម្មច្បាប់ធម្មនុញ្ញនេះ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងជាតិ ឬបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជាផងដែរ៕
អត្ថបទ សេក ឧត្តម