នៅថ្ងៃអង្គារនេះ ឥណ្ឌាបានធ្វើពិធីរំឭកខួបដល់ជនរងគ្រោះជាង ១៦០នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមជីវពលអ៊ីស្លាមកាលពីឆ្នាំ ២០០៨លើទីក្រុងម៉ុមបៃ និងជាខួបលើកទី ១៦នៃការវាយប្រហារមួយដែលធ្វើឲ្យមានការព្រួយបារម្ភដល់សង្រ្គាមជាមួយប៉ាគីស្ថាន ។
អភិបាលរដ្ឋ Maharashtra លោក Eknath Shinde បានដាក់កម្រងផ្កា និងគោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៅស្តូបអនុស្សាវរីយ៍ Martyrs ជាមួយអ្នកនយោបាយផ្សេងទៀតក្នុងរដ្ឋ នៅទីប្រជុំជនក្រុងម៉ុមបៃ ។
អគ្គកុងស៊ុលអ៊ីស្រាអែលប្រចាំនៅតំបន់ Midwest របស់ឥណ្ឌាលោក Kobbi Shoshani បានគោរពវិញ្ញាណក្ខន្ធជនរងគ្រោះផងដែរនៅស្តូបអនុស្សាវរីយ៍ Nariman House ។
គួររំឭកថា ពលរដ្ឋអាមេរិក ៦នាក់ ស្ថិតនៅក្នុងចំណោមមនុស្ស ១៦៦នាក់ ដែលត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើង ១០នាក់ ដែលបានវាយឆ្មក់ទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ ដោយប្រើប្រាស់ទូក និងចំណាយពេល ៣ថ្ងៃបាញ់គ្រាប់ និងចោលគ្រាប់បែកជុំវិញតំបន់ប្រវត្តិសាស្រ្តជាច្រើនកន្លែងទៀតរបស់ទីក្រុងមួយនេះ ។
ឥណ្ឌា និងសហរដ្ឋអាមេរិក បានចោទប្រកាន់លោក Hafiz Saeed ដែលជាស្ថាបនិកបង្កើតក្រុមជីវពល LeT ថាជាមេខ្លោងនៅពីក្រោយការវាយប្រហារនេះ ។ លោកបានច្រានចោលការជាប់ពាក់ព័ន្ធ ប៉ុន្តែក្រុមអាជ្ញាធរប៉ាគីស្ថាន បានឃុំខ្លួនលោកនៅផ្ទះអស់មួយរយៈពេល ៕