អាជ្ញាធរ នៅថ្ងៃអង្គារ (ទី២៦ ខែវិច្ឆិកា) នេះ បាននិយាយថា ប្រទេសលីទុយអានី មិនទាន់រកឃើញភស្តុតាងនៃអំពើភេរវកម្ម ឬវិឆ្ឆិកម្មនោះឡើយ ក្នុងការស៊ើបអង្កេតរបស់ខ្លួន ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះដឹកទំនិញរបស់ក្រុម DHL ទោះបីជាប្រអប់ខ្មៅដែលមានទិន្នន័យហោះហើរ និងឧបករណ៍ថតសំឡេង មិនទាន់ត្រូវបានរកឃើញក៏ដោយ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃចន្ទ (ទី២៥ ខែវិច្ឆិកា) យន្តហោះបានធ្លាក់នៅជិតអាកាសយានដ្ឋាន ក្នុងទីក្រុង Vilnius ខណៈដែលកៀកនឹងចុះចតទៅហើយ ដោយបានសម្លាប់មនុស្សម្នាក់ នៅលើយន្តហោះនោះ ជាអ្វីដែលរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអាល្លឺម៉ង់ក្រោយមក បាននិយាយថា អាចជាឧបទ្ទវហេតុ ឬការវាយប្រហារបែបកូនកាត់ នៅក្នុង «ពេលវេលាប្រែប្រួលមិនទៀងទាត់នេះ»។
ការិយាល័យអគ្គរដ្ឋអាជ្ញាលីទុយអានី កំពុងដឹកនាំដំណើរការស៊ើបអង្កេតមួយ ក្នុងចំណោមការស៊ើបអង្កេតផ្លូវការចំនួន ២ ជុំវិញការធ្លាក់យន្តហោះនេះ។
រដ្ឋអាជ្ញា លោក Arturas Urbelis បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «ព័ត៌មានដំបូងរបស់យើងមិនបង្ហាញថា យើងត្រូវស៊ើបអង្កេតលើសកម្មភាពនានាឲ្យខ្លាំងជាងនេះទៀតទេ» ប៉ុន្តែបានបន្ថែមថា ការស៊ើបអង្កេតកំពុងដំណើរការនៅឡើយ៕