បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានរងបរាជ័យធ្ងន់ករ ៥-០ ក្រោមថ្វីជើងក្រុមភ្ញៀវហង្សក្រហម Liverpool នៅយប់ថ្ងៃអាទិត្យម្សិលមិញ។ នេះជាជ័យជំនះធំបំផុតសំរាប់ Liverpool នៅទឹកដី Old Trafford នេះខណៈកៅអីរបស់អ្នកចាត់ការ Manchester United លោក Ole Gunnar Solskjaer កាន់តែក្តៅ។

Naby Keita ជាអ្នករកបានគ្រាប់នាំមុខតាំងពីនាទីទី៥ មុនពេលដែល Diogo Jota បន្ថែមគ្រាប់នាំមុខ ២-០ នៅនាទីទី១៣។ ក្រោយមកខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah រកបាន ៣គ្រាប់ម្នាក់ឯងក្នុងការប្រកួតនេះ និងមានន័យថាគេបានស៊ុតបញ្ចូលទី ១០ប្រកួតជាប់គ្នាសំរាប់ Liverpool។ អ្នកគាំទ្រ Manchester United មួយចំនួនបានត្រលប់ទៅផ្ទះវិញក្រោយចប់វគ្គទី១ ក្រោយ Liverpool នាំមុខ ៤-០ មុនពេលដែល Salah រកបានគ្រាប់ Hat-Trick និងមុនពេលដែល Paul Pogba ត្រូវបានផ្លាស់ប្តូរចូលហើយត្រូវបានបណ្តេញចេញវិញនៅនាទីទី៦០។

នេះជាជ័យជំនះធំបំផុតសំរាប់ Liverpool នៅលើទឹកដី Old Trafford ជាលើកដំបូងរាប់ពីខែតុលា ឆ្នាំ១៨៩៥ នៅពេល Liverpool យកឈ្នះ Manchester United ៧-១ នៅ Anfield។ បរាជ័យនេះធ្វើឱ្យ Manchester United ធ្លាក់ខ្លួនដល់លេខ៧ ក្នុងតារាងមាន ១៤ពិន្ទុខណៈ Liverpool ឈរលេខ២ មាន ២១ពិន្ទុដេញពីក្រោយ Chelsea ១ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ