
នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis នៅថ្ងៃអង្គារ (ទី២៦ ខែវិច្ឆិកា) នេះ បាននិយាយថា សហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវបង្កើនតួនាទីការពារជាតិ និងឧស្សាហកម្មសព្វាវុធ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO) ដោយការលើកឡើងនេះ កើតមានបន្ទាប់ពីលោកជួបពិភាក្សាជាមួយអគ្គលេខាធិការរបស់សម្ព័ន្ធយោធាមួយនេះ គឺលោក Mark Rutte ។
គួរបញ្ជាក់ថា បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ី នៅឆ្នាំ២០២២ លើអ៊ុយក្រែន EU បានស្វែងរកការបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួន ហើយគណៈកម្មការអឺរ៉ុប បានសន្យាថា នឹងជំរុញដល់គម្រោងសំខាន់ៗ លើផ្នែកការការពារដែនអាកាស និងតាមប្រព័ន្ធអ៊ីនធឺណិត។

បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងអាថែន លោក Mitsotakis បាននិយាយថា៖ «យើងបានយល់ព្រមលើអាទិភាពមួយ ក្នុងចំណោមអាទិភាពជាមូលដ្ឋាន សម្រាប់សម្ព័ន្ធមិត្តទាំងអស់ តម្រូវការក្នុងការជំរុញការការពាររួមរបស់យើង គោលដៅដែលតម្រូវឲ្យមានឧស្សាហកម្មការពារដ៏រឹងមាំ ការវិនិយោគសំខាន់ៗជាច្រើនទៀត និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត រវាង EU និងអង្គការណាតូ»។
ប្រទេសក្រិក ដែលជារដ្ឋសមាជិក EU និងជាសម្ព័ន្ធមិត្តអង្គការណាតូ ចំណាយប្រហែល ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនជារៀងរាល់ឆ្នាំ លើវិស័យការពារជាតិ។ ប៉ុន្តែក្រុមអ្នកវិភាគលើកឡើងថា EU ទាំងមូល កំពុងជួបការលំបាកក្នុងការវិនិយោគឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួន សម្រាប់ការមានសង្គ្រាមពេញបន្ទុក៕