មហាសេដ្ឋិនីផ្នែកអចលនទ្រព្យវៀតណាមម្នាក់ ដែលត្រូវបានកាត់ទោសប្រហារជីវិតពីបទឆបោកប្រាក់រាប់ពាន់លានដុល្លារ នៅថ្ងៃអង្គារ (ទី២៦ ខែវិច្ឆិកា) នេះ បានអង្វរតុលាការសុំរស់រាន ដោយនិយាយថា លោកស្រីកំពុងព្យាយាមសងមូលនិធិដែលបានលួចយកនោះ។
គួរបញ្ជាក់ថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យ លោកស្រី Truong My Lan វ័យ ៦៨ឆ្នាំ ត្រូវបានកាត់ទោសនៅដើមឆ្នាំ២០២៤ នេះ ពីបទកេងបន្លំប្រាក់ពីធនាគារ Saigon Commercial Bank (SCB) ដែលរដ្ឋអាជ្ញាបាននិយាយថា លោកស្រីបានគ្រប់គ្រង ហើយត្រូវបានកាត់ទោសប្រហារជីវិត ពីបទការក្លែងបន្លំសរុបជាទឹកប្រាក់ចំនួន ២៧ពាន់លានដុល្លារអាមេរិក ជាករណីពុករលួយមួយ ក្នុងចំណោមករណីពុករលួយដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រ។
លោកស្រីកំពុងប្តឹងឧទ្ធរណ៍ជំទាស់នឹងការកាត់ទោសលើរូបលោកស្រីនេះ នៅឯតុលាការ ក្នុងទីក្រុងហូជីមិញ ដោយរំពឹងថា នឹងមានការសម្រេច នៅប៉ុន្មានថ្ងៃខាងមុខនេះ។
ក្នុងសុន្ទរកថាចុងក្រោយរបស់លោកស្រី នៅចំពោះមុខតុលាការ លោកស្រី Lan បាននិយាយថា៖ «ការគិតតែមួយគត់របស់ខ្ញុំ គឺអំពីវិធីសងបំណុលទៅធនាគារ SBV (ធនាគាររដ្ឋវៀតណាម) និងប្រជាជនវិញ។ ខ្ញុំមិនគិតពីការខូចខាត ចំពោះខ្លួនខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំទេ»។
លោកស្រីបានបន្តថា៖ «ខ្ញុំឈឺចាប់ដោយសារតែការបំផ្លិចបំផ្លាញធនធានជាតិ»។ លោកស្រីបានបន្ថែមថា លោកស្រីមានអារម្មណ៍ថា៖ «អាម៉ាស់ណាស់ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋនេះ»។ ហើយលោកស្រីបានស្នើទៅតុលាការថា៖ «សូមមេត្តាពិចារណាឡើងវិញ និងបន្ធូរបន្ថយទោសដល់រូបខ្ញុំផង»។
យោងតាមច្បាប់របស់វៀតណាម លោកស្រី Lan អាចរួចផុតពីទោសប្រហារជីវិត ប្រសិនបើលោកស្រីសងត្រឡប់មកវិញជាមុននូវទ្រព្យសម្បត្តិចំនួន ៣ភាគ៤ នៃទ្រព្យសម្បត្តិដែលត្រូវបានលួចបន្លំ ហើយត្រូវបានវិនិច្ឆ័យថា បានសហការគ្រប់គ្រាន់ជាមួយអាជ្ញាធរ។ ប៉ុន្តែរដ្ឋអាជ្ញាបានលើកឡើងកាលពីថ្ងៃទី២៥ វិច្ឆិកាថា លោកស្រីមិនបានបំពេញលក្ខខណ្ឌនោះឡើយ ហើយបានសង្កត់ធ្ងន់ថា ផលវិបាកនៃឧក្រិដ្ឋកម្មរបស់លោកស្រី គឺ «ធំ និងគ្មានគំរូពីមុន»៕

