បាល់ទាត់៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺបានបញ្ជាក់ថា ការសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺកំពុងដំណើរការយ៉ាងរលូន ដើម្បីឈានទៅបិទបញ្ចប់ជាស្ថាពរតាមផែនការក្នុងឆ្នាំ២០២២ ឆាប់ៗខាងមុខ។ ថ្លែងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ទោះបីជាឯកឧត្តមមិនបានចូលរួមដំណើរដោយផ្ទាល់ក្ដី តែការយកចិត្តទុកដាក់លើដំណើរការសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺ នៅតែជាអាទិភាពមួយសម្រាប់ឯកឧត្តម។ ការលើកឡើងនេះ ក្រោយក្រុមការងារតំណាងឯកឧត្តមបានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់កាលពីថ្មីៗ។

ឯកឧត្តមបន្ដថា តាមការឲ្យដឹងពីក្រុមការងារដែលបានចុះផ្ទាល់ ដំណើរការសាងសង់បាននឹងកំពុងប្រព្រឹត្តិទៅយ៉ាងសស្រាក់សស្រាំ ឈានឆ្ពោះទៅការបិទបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២២ ឆាប់ៗខាងមុខ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានអរគុណជាថ្មីចំពោះក្រុមការងារផ្ទាល់របស់ឯកឧត្តម និងក្រុមការសារសាងសង់ដែលបានយកចិត្តទុកដាក់តាមភារកិច្ចរបស់ខ្លួនផងដែរ។ គួរដឹងថា កីឡដ្ឋានខេត្តកំពង់ស្ពឺ គ្រោងចំណាយពេលសាងសង់រយៈពេល ១៥ខែក្រោយរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ពោលគឺគ្រោងនឹងបិទបញ្ចប់ការសាងសង់ជាស្ថាពរ នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាឆ្នាំ២០២២ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃបើកការដ្ឋានសាងសង់។ សមិទ្ធផលថ្មីលើទឹកដីខេត្តកំពង់ស្ពឺនេះ សាងសង់ឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ដោយគ្រោងចំណាយថវិកាប្រមាណ ៣លានដុល្លារ។ កីឡដ្ឋានដែលត្រៀមប្រើស្មៅសិប្បនិម្មិតនេះត្រូវបែងចែកការសាងសង់ជា ២ដំណាក់កាលដោយដំណាក់កាលទី១ គឺជាការសាងសង់ ក្លោងទ្វារធំចំនួន ២ របងជុំវិញ សួនកុមារ និងទីលានរត់ កន្លែងអង្គុយ ៣,០០០កៅអី ទីលានប្រកួតបាល់ទាត់ ដែលបំពាក់ដោយភ្លើងបំភ្លឺប្រកួតពេលយប់បាន រួមជាមួយការរៀបចំបរិវេណជុំវិញ និងដំណាក់កាលទី២ ជាការសាងសង់កន្លែងអ្នកទស្សនាកើនដល់ ៦,០០០នាក់ ។
គោលបំណងនៃការសាងសង់កីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះ គឺដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡាជាតិឆ្ពោះទៅកាន់ការប្រកួតកីឡាថ្នាក់តំបន់ និងអន្ដរជាតិនានា ដោយផ្ដើមពីក្នុងខេត្តកំពង់ស្ពឺតាមរយៈការត្រៀមលក្ខណៈ ដូចជាការកសាងថ្នាលកីឡាករ ពង្រឹងសមត្ថភាពគ្រូ និងផ្ដល់ឱកាសឲ្យយុវជនមានសមត្ថភាព និងទេពកោសល្យបានលេងកីឡា ពិសេសឯកឧត្តម ហ៊ុន ម៉ានី មានមហិច្ឆតាចង់ឃើញកីឡាករជម្រើសជាតិនាថ្ងៃអនាគតកាន់តែច្រើនដែលមានប្រភពពីខេត្តកំពង់ស្ពឺ។ ម្យ៉ាងតាមរយៈកីឡដ្ឋាននេះ ឯកឧត្តមក៏រំពឹងថា ក៏នឹងរួមចំណែកលើកមុខមាត់ខេត្ត និងកិត្យានុភាព ពិសេសវិស័យកីឡាបាល់ទាត់ផងដែរ៕
អត្ថបទ៖ លី ឈុនឡា