រដ្ឋមន្ត្រីដឹកជញ្ជូនលីបង់ លោក អាលី ហាមេ (Ali Hamieh) បានប្រាប់សារព័ត៌មានរ៉យទ័រថា ការវាយប្រហាររបស់អ៊ីស្រាអែល កាលពីល្ងាចថ្ងៃអង្គារ (២៦ វិច្ឆិកា) បានកំណត់គោលដៅឆ្លងកាត់ព្រំដែនភាគខាងជើងចំនួនបីរបស់លីបង់ ជាមួយប្រទេសស៊ីរី ជាលើកដំបូង។

ការវាយប្រហារនេះបានកើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសថាបទឈប់បាញ់នឹងចូលជាធរមាននៅម៉ោង ៤:០០ទៀបភ្លឺ (ម៉ោងក្នុងស្រុក) នៅថ្ងៃពុធនេះ ដើម្បីបញ្ឈប់អរិភាពរវាងក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា និងអ៊ីស្រាអែល។

លោក Hamieh បាននិយាយថា គេមិនច្បាស់ភ្លាមៗទេថា តើផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់ដោយសារលទ្ធផលនៃការវាយប្រហារនោះឬយ៉ាងណា។ គួរបញ្ជាក់ថា ការវាយឆ្មក់របស់អ៊ីស្រាអែល លើច្រកឆ្លងកាត់ភាគខាងកើតលីបង់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបិទផ្លូវជាច្រើនចូលទៅស៊ីរី រួចទៅហើយ។

ទូរទស្សន៍រដ្ឋស៊ីរី បានរាយការណ៍ថា មនុស្ស ១៨នាក់ បានរងរបួស ខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅលើច្រកព្រំដែន អារីដា (Arida) ដោយអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ខណៈអ្នកស្លាប់ និងរបួសក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងការវាយប្រហារដោយឡែកពីគ្នាមួយទៀតរបស់អ៊ីស្រាអែល នៅលើច្រកព្រំដែន ដាប៊ូសេ (Dabousieh) ជាមួយលីបង់ ដោយមិនបញ្ជាក់លម្អិតឡើយ៕