ទីក្រុងមូស្គូ នៅថ្ងៃអង្គារ (២៦ វិច្ឆិកា) បានប្តេជ្ញាសងសឹក បន្ទាប់ពីការប្រកាសថា អ៊ុយក្រែនបានវាយប្រហារទីតាំងយោធារុស្ស៊ី ជាមួយនឹងអាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ក្រោយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានទីក្រុងគីវ និងលោកខាងលិច ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលទាំងនោះ។

ទីក្រុងមូស្គូ និងទីក្រុងគីវ បាននិងកំពុងពង្រីកការវាយប្រហារដែនអាកាសដ៏កាចសាហាវរបស់ពួកគេជាមួយនឹងអាវុធទំនើបៗកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលជំរុញឱ្យមានការភ័យខ្លាចថា ជម្លោះអាចកាន់តែតានតឹង។

ក្រសួងការពារជាតិរុស្ស៊ី លើកឡើងថា ការវាយប្រហារដោយមីស៊ីលតាកទិកកងទ័ព ATACMS រយៈចម្ងាយឆ្ងាយផលិតដោយអាមេរិក ថ្មីរបស់អ៊ុយក្រែន - កាលពីថ្ងៃទី២៣ ខែវិច្ឆិកា និងថ្ងៃទី២៥ ខែវិច្ឆិកា - សំដៅលើមូលដ្ឋានយោធា និងអាកាសយានដ្ឋាននៅក្នុងតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី បណ្តាលឱ្យខូចខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

ក្រសួងបាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញតេលេក្រាមថា "សកម្មភាពសងសឹកកំពុងត្រូវបានរៀបចំ" ដោយមិនបានបញ្ជាក់លម្អិតឡើយ។
គួររម្លឹកថា អ៊ុយក្រែន បានបាញ់មីស៊ីល ATACMS ជាលើកដំបូងទៅកាន់រុស្ស៊ី កាលពីសប្តាហ៍មុន បន្ទាប់ពីទទួលបានភ្លើងខៀវពីទីក្រុងវ៉ាស៊ីនតោន ហើយវិមានក្រឹមឡាំងបានសងសឹកជាមួយនឹងមីស៊ីលល្បឿនលឿនជាងសំឡេងពិសោធន៍ ដែលបាញ់ទៅលើទីក្រុង ឌីនីប្រូ (Dnipro) របស់អ៊ុយក្រែន៕