ប្រភពពីរដ្ឋាភិបាលអ៊ុយក្រែនជាន់ខ្ពស់ចំនួនពីរបាននិយាយថា មីស៊ីលបាលីស្ទិកថ្មីមួយដែលបាញ់ដោយរុស្ស៊ី លើទីក្រុង ឌីនីប្រូ (Dnipro) របស់អ៊ុយក្រែន កាលពីសប្តាហ៍មុន បានផ្ទុកក្បាលគ្រាប់ជាច្រើន ប៉ុន្តែមិនមានសារធាតុផ្ទុះទេ ហើយបណ្តាលឱ្យមានការខូចខាតតិចតួចប៉ុណ្ណោះ។

ការលើកឡើងរបស់ប្រភពទាំងនេះហាក់ដូចជាបញ្ជាក់ពីការពិពណ៌នាផ្ទាល់របស់វិមានក្រឹមឡាំង អំពីការប្រើប្រាស់អាវុធនេះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ថាជាការព្រមានដល់លោកខាងលិច បន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស បានអនុញ្ញាតឱ្យអ៊ុយក្រែន បាញ់មីស៊ីលរបស់ពួកគេចូលទៅក្នុងទឹកដីរុស្ស៊ី។

ក្រុមមន្រ្តីអាមេរិក បានលើកឡើងថា រុស្ស៊ីអាចកែច្នៃក្បាលគ្រាប់លើមីស៊ីលរយៈចម្ងាយមធ្យមពិសោធន៍នោះបានប្រសិនបើខ្លួនចង់ ហើយអ្នកជំនាញលោកខាងលិច កំពុងព្យាយាមស្វែងយល់បន្ថែមពីគ្រឿងយុទ្ធោបករណ៍ថ្មីនេះ។ សូមបញ្ជាក់ថា មីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យម ជាធម្មតាត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយទៅលើគោលដៅរាប់ពាន់គីឡូម៉ែត្រ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការវាយប្រហារមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យម Oreshnik គឺជាការសាកល្បងដ៏ជោគជ័យ ហើយមីស៊ីលបានទៅដល់គោលដៅកំណត់ ដែលជាសហគ្រាសផលិតមីស៊ីល និងប្រព័ន្ធការពារនៅក្នុងទីក្រុង Dnipro របស់អ៊ុយក្រែន។
លោក ពូទីន ក៏ព្រមានផងដែរថា រុស្ស៊ីនឹងបន្តសាកល្បងមីស៊ីល Oreshnik ក្នុងការប្រយុទ្ធ ហើយថាខ្លួនមានឃ្លាំងស្តុកសម្រាប់ប្រើប្រាស់។ ទីក្រុងគីវ និយាយថា អ៊ុយក្រែនកំពុងប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធអាកាសដើម្បីប្រឆាំងនឹងអាវុធថ្មីនេះ៕