ស្ត្រីម្នាក់នៅទីក្រុង Tel Aviv របស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអង្គារ២៦ ខែវិច្ឆិកា សប្ដាហ៍នេះ បាននិយាយបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថាលោកត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ជាមួយលីបង់ថា ខ្ញុំនឹងសប្បាយចិត្តជាងនេះទៅទៀត បើសិនមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅដែនដីហ្កាហ្សាដែរ។

អ្នកក្រុង Tel Aviv ម្នាក់ទៀត និយាយថា មិនដឹងល្អយ៉ាងណាទេ បើអ៊ីស្រាអែល និងក្រុមហាម៉ាស លែងប្រយុទ្ធគ្នាដូចនៅប្រទេសលីបង់ដែរនោះ។

លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលបានធ្វើឱ្យក្រុមហេសបូឡា របស់លីបង់ចុះខ្សោយ ហើយវិលត្រឡប់ទៅរកពេលវេលាជាច្រើនទសវត្សរ៍កន្លងមកវិញ បន្ទាប់ពីភាគីទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង។

កិច្ចព្រមព្រៀងដែលជម្រះផ្លូវសម្រាប់ការបញ្ចប់ជម្លោះ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ចាប់តាំងពីត្រូវបានបញ្ឆេះដោយសង្រ្គាមនៅក្នុងដែនដីហ្កាហ្សាកាលពីឆ្នាំមុននោះ បានចូលជាធរមាននៅថ្ងៃពុធ ២៧ វិច្ឆិកា សប្ដាហ៍នេះ ហើយការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡាក៏បញ្ឈប់ហើយដែរគិតមកដល់ពេលនេះ៕