សារព័ត៌មាន ហ្វាយនែនសល ថែមស៍ (Financial Times) បានរាយការណ៍នៅថ្ងៃពុធ (២៧ វិច្ឆិកា) នេះថា រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន (Dong Jun) ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេត ជាផ្នែកមួយនៃការស៊ើបអង្កេតប្រឆាំងអំពើពុករលួយដ៏ធំទូលាយ ដែលបានធ្វើឱ្យកក្រើកដល់ជួរមន្រ្តីជាន់ខ្ពស់នៃកងទ័ពរំដោះប្រជាជនចិន PLA។

សារព័ត៌មាន FT បានរាយការណ៍ដោយដកស្រង់សម្តីក្រុមមន្ត្រីអាមេរិកទាំងបច្ចុប្បន្ន និងអតីតថា លោក Dong គឺជាមន្ត្រីការពារជាតិចិនទីបីជាប់គ្នាដែលត្រូវទទួលរងស៊ើបអង្កេតពីបទពុករលួយបែបនេះ។ ក្រសួងការបរទេស និងការពារជាតិរបស់ប្រទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
យោធាចិន បានឆ្លងកាត់ការបោសសម្អាតប្រឆាំងអំពើពុករលួយយ៉ាងទូលំទូលាយចាប់តាំងពីឆ្នាំមុនមក ដោយប្រមុខទ័ព PLA ចំនួន ៩រូប និងយ៉ាងហោចណាស់នាយកប្រតិបត្តិឧស្សាហកម្មការពារដែនអាកាស ៤រូប ត្រូវបានដកចេញពីស្ថាប័ននីតិប្បញ្ញត្តិជាតិរហូតមកដល់បច្ចុប្បន្ននេះ។

លោក Dong ដែលជាអតីតប្រធានកងទ័ពជើងទឹក PLA ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិក្នុងខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់ខ្លួនគឺលោក លី សាងហ៊្វូ (Li Shangfu) ដែលត្រូវបានដកចេញ ក្រោយចូលបម្រើការងាររយៈពេលត្រឹមតែ ៧ខែប៉ុណ្ណោះ៕