នៅក្នុងរដ្ឋធានីបេរូត (Beirut) របស់ប្រទេសលីបង់ ប្រជាពលរដ្ឋបានសម្តែងការធូរស្រាលក្នុងចិត្ត និងទុក្ខព្រួយចំនួនកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា លោកបានត្រៀមខ្លួនរួចរាល់ហើយក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយប្រទេសលីបង់។

ដោយបានរត់ភៀសខ្លួនចេញពីភូមិរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ អ្នកស្រី Alia Ibrahim ជាម្តាយមានស្រីភ្លោះបាននិយាយថា អ្នកស្រីសង្ឃឹមពីបទឈប់បាញ់បែបនេះជាយូរមកហើយ ដើម្បីមានឱកាសអាចវិលត្រឡប់ទៅផ្ទះវិញជាមួយគ្រួសារ ប៉ុន្តែមានការសង្ស័យអំពីចេតនារបស់អ៊ីស្រាអែល។
ដោយមានទស្សនៈមិនខុសគ្នា អ្នកស្រុកម្នាក់ទៀតនៅទីក្រុង Nazih Korkomaz បាននិយាយថារូបលោកកំពុងសង្ឃឹមថាបទឈប់បាញ់មួយនឹងត្រូវអនុវត្តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយទីបំផុតក៏មានមែន។

ចំណែកប្រជាពលរដ្ឋដែលបានរត់គេចពីការប្រយុទ្ធគ្នា កំពុងស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ន នៅកណ្ដាលរដ្ឋធានីបេរូត បាននិយាយថា ពួកគេអន្ទះសារចង់វិលទៅផ្ទះសម្បែងរបស់ខ្លួនវិញ ក្រោយទទួលដំណឹងថា មានបទឈប់បាញ់កើតឡើង។

មុនពេលមានបទឈប់បាញ់ អ៊ីស្រាអែល បានបង្កើនយុទ្ធនាការវាយប្រហារតាមអាកាសរបស់ខ្លួននៅរដ្ឋធានីបេរូត និងតំបន់ផ្សេងទៀតនៃប្រទេសលីបង់ ដោយអាជ្ញាធរសុខាភិបាលបានរាយការណ៍ថាមនុស្សយ៉ាងហោចណាស់ ១៨ នាក់ត្រូវបានសម្លាប់ ខណៈអ្នកស្លាប់សរុបនៅលីបង់កើនឡើងដល់ជាង៣ពាន់នាក់និងមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់រត់គេចពីផ្ទះសម្បែង៕