បេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃអង្គារ ទី ២៦ ខែវិច្ឆិកា ថា ក្រុមតាលីបង់ដែលកំពុងកាន់អំណាច បានឃុំខ្លួនអ្នកសារព័ត៌មានតាមអំពើចិត្តចំនួន ២៥៦លើក ចាប់តាំងពីដណ្តើមបានការគ្រប់គ្រងក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះ និងបានជំរុញឱ្យអាជ្ញាធរនៅទីនោះការពារប្រព័ន្ធផ្សព្វផ្សាយ។

នៅក្នុងការឆ្លើយតបដែលភ្ជាប់មកជាមួយរបាយការណ៍ ក្រសួងការបរទេសដឹកនាំដោយក្រុមតាលីបង់បានបដិសេធថាពុំបានចាប់ខ្លួនអ្នកសារព័ត៌មានក្នុងចំនួនបែបនោះទេ ហើយអ្នកដែលទាំងឡាយដែលត្រូវបានចាប់ខ្លួននោះ ជាអ្នកដែលបានប្រព្រឹត្តបទព្រហ្មទណ្ឌ។
បេសកកម្មរបស់អង្គការសហប្រជាជាតិ (UNAMA) និងការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកសារព័ត៌មាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានធ្វើការនៅក្រោម «លក្ខខណ្ឌដ៏លំបាក» ។

លោកស្រី Roza Otunbayeva តំណាងពិសេសរបស់អគ្គលេខាធិការ លោក Antonio Guterres បាននិយាយថា ជារឿយៗពួកគេប្រឈមមុខទៅនឹងច្បាប់មិនច្បាស់លាស់អំពីអ្វីដែលពួកគេអាច និងមិនអាចរាយការណ៍បាន បង្កឲ្យមានហានិភ័យនៃការបំភិតបំភ័យ និងការឃុំខ្លួនតាមអំពើចិត្ត ចំពោះការរិះគន់។
លោកស្រីនិយាយថា យើងជំរុញឱ្យអាជ្ញាធរធានាបាននូវសុវត្ថិភាព និងសន្តិសុខរបស់អ្នកសារព័ត៌មាន និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ខណៈពួកគេបំពេញភារកិច្ច និងទទួលស្គាល់យ៉ាងពេញលេញពីសារៈសំខាន់របស់ស្ត្រីដែលបម្រើការងារនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។
ក្នុងការឆ្លើយតប ក្រសួងបាននិយាយថា ស្ត្រី បន្តធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដោយត្រូវស្ថិតនៅក្រោមលក្ខខណ្ឌមួយចំនួនដើម្បីបំពេញតាមគោលការណ៍សីលធម៌សាសនា ដូចជាបិទបាំងមុខ និងធ្វើការដាច់ដោយឡែកពីបុរស។