ជនអន្តោប្រវេសន៍នៅក្នុងទីក្រុង Coatzacoalcos ភាគខាងត្បូងប្រទេសម៉ិកស៊ិក បានរង់ចាំឡើងជិះលើរថភ្លើងដឹកទំនិញកាលពីនៅថ្ងៃអង្គារ ដោយសង្ឃឹមថានឹងបានទៅដល់ព្រំដែនភាគខាងជើងជាមួយសហរដ្ឋអាមេរិក។

នាង Xavi Yiperi ជាគិលានុបដ្ឋាយិកា និងជាម្តាយជនជាតិវ៉េណេស៊ុយអេឡា បានធ្វើដំណើរជាមួយប្តី និងកូនស្រីតូចរបស់នាង បន្ទាប់ពីត្រូវបានអាជ្ញាធរប្រទេសម៉ិកស៊ិក បានឃាត់ខ្លួនជាច្រើនដង។
នាង និយាយថា នាងបានសម្រេចចិត្តធ្វើអន្តោប្រវេសន៍ដោយសារតែ នាង បាត់បង់ការងារសម្រាប់ការបោះឆ្នោតប្រឆាំងប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro។

ទោះបីជាមានការព្រមានពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ដើម្បីទប់ស្កាត់ការឆ្លងកាត់របស់ជនអន្តោប្រវេសន៍ក៏ដោយ ក៏នាង Xavi Yiperi និងក្រុមគ្រួសារ នៅតែប្តេជ្ញាចិត្តចំពោះផែនការរបស់ពួកគេ ហើយនឹងបន្តខិតខំសម្រាប់ «ក្តីសុបិន្តថានឹងបានទៅដល់សហរដ្ឋអាមេរិក»។
លោក Trump បានគំរាមដាក់ពន្ធលើមុខទំនិញរបស់ប្រទេសម៉ិកស៊ិក ប្រសិនបើម៉ិកស៊ិក មិនរារាំងជនអន្តោប្រវេសន៍ នៅព្រំដែនភាគខាងត្បូងរបស់ខ្លួននោះទេ។