ប្រជាជនភៀសខ្លួន មកពីភាគខាងជើងប្រទេសអ៊ីស្រាអែល និងអ្នកគាំទ្ររបស់ពួកគេ បានចេញតវ៉ានៅទីក្រុង Tel Aviv កាលពីថ្ងៃអង្គារ ប្រឆាំងបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅប្រទេសលីបង់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអង្គារថា លោកបានត្រៀមជាស្រេចដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយប្រទេសលីបង់ ហើយនឹងឆ្លើយតបដោយកម្លាំងចំពោះការរំលោភបំពានណាមួយ ធ្វើឡើងដោយក្រុមហេសបូឡា។

ការអនុម័តរបស់អ៊ីស្រាអែល លើកិច្ចព្រមព្រៀងនេះ ត្រួសត្រាយផ្លូវសម្រាប់ការប្រកាសបទឈប់បាញ់ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងប្រធានាធិបតីបារាំង លោក Emmanuel Macron នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសលីបង់ចំនួនបួន ដែលបាននិយាយទៅកាន់សារព័ត៌មាន Reuters ។
នៅក្រោមកិច្ចព្រមព្រៀង ដែលបានចូលជាធរមាននៅថ្ងៃពុធនេះ ការប្រយុទ្ធគ្នានៅព្រំដែនអ៊ីស្រាអែល-លីបង់ ត្រូវបញ្ចប់ ដែលលោក Biden បាននិយាយនៅក្នុងការគូសបញ្ជាក់ពីបទឈប់បាញ់ថា «ត្រូវបានរៀបចំឡើង ដើម្បីបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍»។