ភ្នំពេញ ៖ វិស័យឯកជន សង្ឃឹមជឿជាក់យ៉ាងមុតមាំថា វិស័យសេវាកម្មនៅកម្ពុជា នឹងអាចងើបវិលត្រឡប់ទៅរកប្រក្រតីភាព និងមានកំណើនល្អឡើងវិញ គាំទ្រដោយលើផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន វិស័យទេសចរណ៍ និងការគាំទ្រដោយវិស័យផ្សេងៗទៀត ។
លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា ថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន ជុំវិញការត្រៀមខ្លួន និងការបើកវិស័យសេវាកម្មឡើងវិញ នៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២១ នេះថា វិស័យសេវានៅកម្ពុជា ជាពិសេសលើផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងវិស័យទេសចរណ៍ផ្សេងៗទៀត នឹងចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកប្រទេសកម្ពុជាឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី ដោយបានសម្រួលការធ្វើចត្តាឡីស័កពីរយៈពេល ១៤ថ្ងៃ មកនៅត្រឹម ៣ថ្ងៃ។
វិស័យនេះរំពឹងនឹងកើនឡើងល្អថែមទៀត ខណៈប្រទេសថៃនឹងបើកប្រទេសរបស់ខ្លួនឡើងវិញ នៅថ្ងៃទី ១ វិច្ឆិកា ខាងមុខនេះ ហើយតាមរយៈនៃការបើកប្រទេសនោះ កម្ពុជានឹងសម្រួលទិសដៅឲ្យស្របនឹងប្រទេសថៃ ដែលហៅថា (Visa two country) មានន័យថា ភ្ញៀវទេសចរណ៍សុំវីសារមកប្រទេសកម្ពុជា អាចបន្តទៅប្រទេសថៃ និងពីប្រទេសថៃអាចបន្តមកប្រទេសកម្ពុជាបាន ។
កម្ពុជាសង្ឃឹមថា វិស័យសេវាកម្មនឹងមានសញ្ញាល្អ និងអាចងើបឡើងវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ដែលគាំទ្រដោយការងើបឡើងវិញលើផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាន វិស័យទេសចរណ៍ និងវិស័យសេវាកម្មផ្សេងៗទៀត។
ក្នុងនោះចំពោះផ្នែកសណ្ឋាគារដែលបានបិទទ្វារជាច្រើនខែកន្លងមកនេះ បច្ចុប្បន្នបានកំពុងរៀបចំត្រៀមខ្លួនជាបណ្តើរៗឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសកម្ពុជាជាបណ្តើរៗ និងស្របពេលរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឲ្យមានជើងហោះហើរត្រង់ ពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន មកប្រទេសកម្ពុជានេះផងដែរ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ថ្លែងថា បន្ទាប់ពីមានសេចក្តីប្រកាស ពីប្រមុខរាជរដ្ឋាភិបាល ប្រតិបត្តិករកម្ពុជាបានផ្ញើសេចក្តីប្រកាសព័ត៌មានទាំងនោះ ជូនទៅដៃគូរក្រៅប្រទេស ក្នុងនោះ ពួកគេបានចាប់អារម្មណ៍យ៉ាងខ្លាំង អំពីការមកទស្សនានៅកម្ពុជា ហើយបច្ចុប្បន្នយើងក៏មាន ភ្ញៀវទេសចរនៅក្នុងដៃខ្លះៗផងដែរ ដោយពួកគាត់ទាំងនោះរង់ចាំតែពេលវេលាចូលមកទស្សនានៅកម្ពុជា តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ រំពឹងថា វិស័យសេវាកម្មនឹងបន្តកើនឡើងក្នុងអត្រា៤,១% ក្នុងឆ្នាំ ២០២២ ពីកំណើនត្រឹម ០,៣% ក្នុងឆ្នាំ ២០២១ ដោយសារការងើបឡើងវិញសន្សឹមៗនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាននិងវិស័យគាំទ្រទេសចរណ៍ផ្សេងទៀត៕
អត្ថបទ៖ សុន រ៉ាឌី