អ្នកសារព័ត៌មានជនជាតិចិនម្នាក់ដែលជាប់ពន្ធនាគារដោយការចេញសេចក្តីរាយការណ៍ក្នុងកំឡុងថ្ងៃដំបូងនៃការផ្ទុះឡើងវីរុសកូរ៉ូណានៅក្នុងទីក្រុង Wuhan ខេត្ត Hubei ត្រូវបានចាប់ខ្លួនម្តងទៀត។

ក្នុងឆ្នាំ២០២០ អ្នកស្រី Zhang Zhan អតីតមេធាវី បានបង្ហោះព័ត៌មានលើបណ្តាញអ៊ីនធឺណិតអំពីពលរដ្ឋដែលត្រូវបានបង្ខំឱ្យរស់នៅក្នុងស្ថានភាពដ៏លំបាកនៅទីក្រុង Wuhan ។ អ្នកស្រី ក៏បានចេញសេចក្តីរាយការណ៍អំពីការឆ្លើយតបរបស់អាជ្ញាធរចំពោះការផ្ទុះឡើងវីរុស។

អ្នកស្រី Zhang ត្រូវបានឃុំខ្លួន និងកាត់ទោសឲ្យជាប់ពន្ធនាគារ ពីបទរំខានដល់សណ្តាប់ធ្នាប់សាធារណៈ។ អ្នកស្រី បានជាប់ទោស ហើយត្រូវបានដោះលែងវិញកាលពីខែឧសភា ឆ្នាំនេះ។
គេហទំព័រ ដែលគាំទ្រសកម្មភាពសិទ្ធិមនុស្សក្នុងប្រទេសចិន បានរាយការណ៍ថា អ្នកស្រី Zhang ត្រូវបានចាប់ខ្លួនម្តងទៀត កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ពីបទរំខានដល់សណ្តាប់ធ្នាប់សាធារណៈ។
គេហទំព័រនេះ និយាយថា អ្នកស្រី Zhang បានធ្វើដំណើរទៅកាន់ខេត្តដីគោក Gansu ក្នុងខែសីហា ដើម្បីគាំទ្រសកម្មជនសិទ្ធិមនុស្សផ្សេងទៀត។ គេហទំព័រនេះ បានបញ្ជាក់ថា ពេលនោះ អ្នកស្រី ត្រូវបានអាជ្ញាធរឃុំខ្លួនអំឡុងពេលទៅលេងស្រុកកំណើតរបស់អ្នកស្រីក្នុងខេត្ត Shaanxi ។ ក្រោយមក អ្នកស្រី Zhang ត្រូវបានគេរាយការណ៍ថា ត្រូវបាននាំទៅកាន់ទីក្រុងសៀងហៃ។
បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ្នកស្រីZhang ត្រូវបានឃុំខ្លួនកាលពីខែសីហា ក្រុមសិទ្ធិមនុស្សអន្តរជាតិ និងអង្គការអ្នកសារព័ត៌មាន បានចាប់ផ្តើមអំពាវនាវឱ្យមានការដោះលែងអ្នកស្រី។