អូស្ត្រាលី នៅថ្ងៃពុធ (២៧ វិច្ឆិកា) នេះ បានខិតទៅជិតការហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំមិនឱ្យប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីសភាជាន់ទាបរបស់រដ្ឋសភាបានអនុម័តសេចក្ដីស្នើច្បាប់នេះ បើទោះបីជាក្រុមហ៊ុនមេ Alphabet របស់ Google និងវេទិកា Facebook របស់ក្រុមហ៊ុន Meta បានជំរុញឱ្យរដ្ឋាភិបាលពន្យារពេលច្បាប់នេះក៏ដោយ។

សភាតំណាងរាស្រ្តប្រទេសអូស្ត្រាលី បានអនុម័តសំណើច្បាប់នេះក្នុងសំឡេង ១០២ ទល់នឹង ១៣ បន្ទាប់ពីរដ្ឋាភិបាលការងារកណ្តាលនិយមឆ្វេងរបស់លោកនាយករដ្ឋមន្ត្រី Anthony Albanese ទទួលបានការគាំទ្រទ្វេបក្សចំពោះបម្រាមនេះ។
ព្រឹទ្ធសភាត្រូវបានគេរំពឹងថានឹងពិភាក្សាលើសេចក្តីព្រាងច្បាប់នេះនៅល្ងាចថ្ងៃពុធ ដោយរដ្ឋាភិបាលចង់ធានាថាវាត្រូវបានអនុម័តនៅចុងបញ្ចប់នៃឆ្នាំសភា ក្នុងថ្ងៃព្រហស្បតិ៍ (២៨ វិច្ឆិកា) ស្អែកនេះ។

លោក Albanese ដែលព្យាយាមលើកអត្រាគាំទ្ររបស់ខ្លួននៅមុនការបោះឆ្នោតដែលរំពឹងទុកនៅក្នុងខែឧសភា ឆ្នាំ២០២៥ បានអះអាងថា ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនពេកបង្កហានិភ័យដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារ ហើយកំពុងស្វះស្វែងរកការគាំទ្រពីឪពុកម្តាយ៕