របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា តុលាការម៉ាឡេស៊ី នៅថ្ងៃពុធ (២៧ វិច្ឆិកា) នេះ បានអនុញ្ញាតឱ្យទម្លាក់ចោលនូវការចោទប្រកាន់បទពុករលួយពាក់ព័ន្ធនឹងរឿងអាស្រូវមូលនិធិ 1MDB ប្រឆាំងនឹងលោកអតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក (Najib Razak) និងអតីតប្រធានរតនាគារជាតិ លោក អ៊ីរ្វ៉ាន់ សេរីហ្កា អាបឌូឡា (Irwan Serigar Abdullah)។

លោក Najib និងលោក Irwan ត្រូវបានចោទប្រកាន់ចំនួន ៦ករណី ពីបទរំលោភបំពានលើការជឿទុកចិត្ត ពាក់ព័ន្ធនឹងមូលនិធិរបស់រដ្ឋាភិបាលដែលមានតម្លៃ ៦,៦ពាន់លានរីងហ្គីត (១,៤៨ ពាន់លានដុល្លារ) ដែលមន្ត្រីបាននិយាយថា ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្របសម្រួលរវាង 1MDB និងមូលនិធិរដ្ឋ Abu Dhabi នៃក្រុមហ៊ុនវិនិយោគប្រេងអន្តរជាតិ IPIC។

លោក Najib បានជាប់ពាក់ព័ន្ធនឹងបណ្ដឹងជាច្រើនករណីទៀតទាក់ទងនឹងរឿងអាស្រូវ 1MDB នេះ។ គួររម្លឹកថា អតីតនាយករដ្ឋមន្ត្រីវ័យ ៧១ឆ្នាំរូបនេះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១២ឆ្នាំក្នុងឆ្នាំ២០២២ បន្ទាប់ពីត្រូវរកឃើញថាមានទោសពីបទពុករលួយ នៅក្នុងករណីដាច់ដោយឡែកមួយទាក់ទងនឹង 1MDB។
ក្រោយមក ការកាត់ទោសនេះត្រូវបានបន្ថយពាក់កណ្តាលដោយក្រុមប្រឹក្សាលើកលែងទោស ដែលដឹកនាំដោយព្រះមហាក្សត្រម៉ាឡេស៊ី ហើយលោក Najib នឹងត្រូវដោះលែងនៅខែសីហា ឆ្នាំ២០២៨៕