មនុស្សពេញវ័យបានចាប់ផ្តើមទទួលថ្នាំបង្ការប្រឆាំងនឹងមេរោគជំងឺអុតស្វា ឬហៅថាអឹមផក (Mpox) នៅក្នុងរដ្ឋធានីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងសប្តាហ៍នេះ ប៉ុន្តែមិនមានការចាក់ថ្នាំបង្ការរោគសម្រាប់កុមារ ដែលជាក្រុមដែលងាយរងគ្រោះបំផុតនោះទេ បន្ទាប់ពីការបរិច្ចាគដ៏សំខាន់ត្រូវបានរារាំងដោយឧបសគ្គផ្លូវច្បាប់ចាស់ៗ។

ជប៉ុន បានសន្យាកាលពីខែកញ្ញា ថាបរិច្ចាគចំនួន ៣លានដូសពីឃ្លាំងស្តុកជាតិរបស់ខ្លួននៃវ៉ាក់សាំង LC16m8 ដែលបង្កើតដោយក្រុមហ៊ុនក្នុងស្រុក KM Biologics សម្រាប់ជំងឺអុតស្វា។
នេះគឺជាវ៉ាក់សាំងតែមួយគត់ដែលមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺអុតស្វា ដែលត្រូវបានអនុម័តឱ្យប្រើចំពោះកុមារ ហើយការសន្យានេះគឺជាការបរិច្ចាគដ៏ធំបំផុត ប៉ុន្តែភាគីទាំងពីរចំណាយពេលយូរខ្លាំងណាស់ដើម្បីចរចាលើបញ្ហារួមមួយថា តើអ្នកណាជាអ្នកបង់ប្រាក់ ប្រសិនបើមានផលប៉ះពាល់ស្មានដល់ពីវ៉ាក់សាំងនេះ។
កុងហ្គោ និយាយថាបញ្ហានេះបានដោះស្រាយរួចហើយ ប៉ុន្តែអ្នកជំនាញសុខភាពពិភពលោក គូសបញ្ជាក់ពីតម្រូវការសម្រាប់ប្រព័ន្ធប្រសើរជាងមុន ដើម្បីបញ្ឈប់ឧបសគ្គបច្ចេកទេសក្នុងការឆ្លើយតបទៅនឹងការសង្គ្រោះជីវិត។
គួរបញ្ជាក់ថា បើពុំមានលក្ខខណ្ឌច្បាស់លាស់ទេ រដ្ឋាភិបាលនៃបណ្ដាប្រទេសក្រីក្រភ័យខ្លាចថាមិនទទួលបានសំណង ជុំវិញផលប៉ះពាល់នៃវ៉ាក់សាំង ហើយរដ្ឋាភិបាលម្ចាស់ជំនួយ ជារឿយៗក៏មិនចង់សងដែរ។ សំណងណាមួយអាចមានទំហំយ៉ាងធំ - ក្នុងករណីកម្រ - ប៉ុន្តែកិច្ចព្រមព្រៀងលើអ្នកទទួលខុសត្រូវ ចាំបាច់ត្រូវចុះហត្ថលេខាជាមុនសិន មុនពេលថ្នាំអាចត្រូវបានដឹកជញ្ជូន៕