បន្ទាប់ពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេេសបូឡា បានចាប់ផ្តើមនៅម៉ោង ០៤:០០ទៀបភ្លឺ (ម៉ោងក្នុងស្រុក) ថ្ងៃពុធ (២៧ វិច្ឆិកា) នេះមក កងកម្លាំងការពារអ៊ីស្រាអែល IDF បានព្រមានអ្នកស្រុកនៅភាគខាងត្បូងលីបង់ ថាកុំទាន់ត្រឡប់ទៅលំនៅឋានវិញ។

នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X អ្នកនាំពាក្យ IDF លោក អាវីឆាយ អាដ្រែ (Avichay Adraee) ប្រាប់អ្នកស្រុកលីបង់ថា ពួកគេ "ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅកាន់ភូមិដែល IDF បានបញ្ជាឱ្យជម្លៀស ឬឆ្ពោះទៅរកកងកម្លាំង IDF នៅក្នុងតំបន់នោះទេ"។

លោកនិយាយថា IDF នៅតែដាក់ពង្រាយនៅទីតាំងរបស់ខ្លួននៅភាគខាងត្បូងលីបង់ ហើយ "ដើម្បីសុវត្ថិភាព សូមអ្នកស្រុកទាំងអស់កុំទាន់ផ្លាស់ទីទៅតំបន់នោះវិញអី។ អ៊ីស្រាអែលនឹងជូនដំណឹងបន្ថែម នៅពេលណាដែលមានសុវត្ថិភាពក្នុងការត្រលប់ទៅវិញបាន"។

ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍ថា រថយន្តជាច្រើនដឹកអ្នកស្រុកដែលភៀសខ្លួនពីភាគខាងត្បូងលីបង់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ត្រូវបានគេមើលឃើញថាធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងត្បូង បន្ទាប់ពីបទឈប់បាញ់ចាប់ផ្តើម ទោះបីមានការព្រមានក៏ដោយ៕