ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃអង្គារ បានដាក់បម្រាមលើពលរដ្ឋអង់គ្លេសចំនួន៣០រូប មិនឱ្យចូលទៅក្នុងទឹកដីរបស់រុស្ស៊ី ជាការឆ្លើយតបទៅនឹងសកម្មភាពអរិភាព របស់ភាគីអង់គ្លេស។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បញ្ជីដាក់ទណ្ឌកម្ម រួមមានសមាជិកនៃអ្នកបង្កើតនយោបាយរបស់ចក្រភពអង់គ្លេស អ្នកសរសេរប្លុកយោធា ក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ ព្រមទាំងបណ្តាញសារព័ត៌មាន។

ឧបនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រីAngela Rayner រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកស្រី Rachel Reeves រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Yvette Cooper និងមន្ត្រីជាន់ខ្ពស់មួយចំនួនផ្សេងទៀតបានស្ថិតក្នុងបញ្ជីដាក់បម្រាមនេះ។
យោងតាមក្រសួងបានឱ្យដឹងថា ប្រទេសរុស្ស៊ី នឹងបន្ថែមបញ្ជីទណ្ឌកម្ម ដើម្បីឆ្លើយតបទៅនឹងអរិភាព ដោយអាជ្ញាធរអង់គ្លេស។
កាលពីថ្ងៃអង្គារ ក្រសួងការបរទេសរុស្ស៊ី បានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅប្រទេសរុស្ស៊ី និងបានធ្វើការតវ៉ា បន្ទាប់ពីបានបណ្តេញអ្នកការទូតអង់គ្លេសម្នាក់ជុំវិញការចោទប្រកាន់ពីបទចារកម្ម។