ប្រទេសកេនយ៉ា កាលពីថ្ងៃអង្គារ បានចាប់ផ្តើមបណ្តាញឃ្លាំមើលតាមវីដេអូ និងទូរគមនាគមន៍ឌីជីថល ដើម្បីការពារព្រៃឈើរបស់ប្រទេស ពីចំហេះព្រៃ។

លោក Aden Duale មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បម្រែបម្រួលអាកាសធាតុ និងព្រៃឈើ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងណៃរ៉ូប៊ី រដ្ឋធានីប្រទេសកេនយ៉ា ថា បណ្តាញវិទ្យុទាក់ទងឌីជីថល និងប្រព័ន្ធទូរស័ព្ទដំបូងដែលមើលឃើញតាមវីដេអូនៃចំហេះព្រៃ នឹងបំពាក់ឲ្យក្រុមពន្លត់អគ្គិភ័យជាមួយនឹងឧបករណ៍ សម្ភារៈដើម្បីឆ្លើយតបទៅនឹង គ្រោះថ្នាក់ចំហេះព្រៃឲ្យទាន់ពេលវេលាជាក់ស្តែង។

លោក Duale និយាយថា បច្ចេកវិទ្យានេះនឹងកសាងសមត្ថភាពស្ថាប័នរបស់ប្រទេសកេនយ៉ា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីចំហេះព្រៃ ដូច្នេះនៅទីបំផុតមានការរួមចំណែកដល់គោលដៅនៃការគ្រប់គ្រងព្រៃឈើ៣០ភាគរយ។
ប្រព័ន្ធនេះនឹងត្រូវបានដាក់ពង្រាយនៅក្នុងប្រព័ន្ធអេកូឡូស៊ី របស់ប្រទេសកេនយ៉ា ដែលលាតសន្ធឹងលើតំបន់ចំនួន១៤ ខណៈព្រៃឈើរបស់ប្រទេសកេនយ៉ា ស្ថិតក្នុងហានិភ័យខ្ពស់នៃអគ្គិភ័យ ដោយសារតែបម្រែបម្រួលអាកាសធាតុ បណ្តាលឱ្យមានការកើនឡើងសីតុណ្ហភាពនិងគ្រោះរាំងស្ងួតញឹកញាប់។
លោក Duale និយាយថា បច្ចេកវិទ្យានេះ ដាក់ពង្រាយឧបករណ៍ផ្កាយរណប និងកាមេរ៉ា ដែលបញ្ជូនសញ្ញាទៅកាន់មជ្ឈមណ្ឌលទីបញ្ជាការ ដែលនឹងផ្តល់ព័ត៌មានដល់អង្គភាពសេវាព្រៃឈើរបស់ប្រទេសកេនយ៉ា។