ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បាននិយាយកាលពីថ្ងៃអង្គារថាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់ការកើនឡើងភាពតានតឹង ដែលកំពុងបន្តនៅក្នុងតំបន់ គឺចំាបាច់ត្រូវដោះស្រាយបញ្ហាប៉ាឡេស្ទីន។

នៅក្នុងសុន្ទរកថារបស់ខ្លួន ដើម្បីប្រារព្ធទិវាសាមគ្គីភាពអន្តរជាតិជាមួយប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២៩ ខែវិច្ឆិកា លោក អាបាស បាននិយាយថា ការដោះស្រាយបញ្ហាប៉ា ឡេស្ទីន តាមរយៈសេចក្តីសម្រេចនៃភាពស្របច្បាប់អន្តរជាតិ គឺជាមធ្យោបាយតែមួយគត់ ដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់ និងធានាដល់សន្តិភាព។
លោក បានបញ្ជាក់ជាថ្មីអំពីសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងការសម្រេចចិត្តដោយខ្លួនឯង សេរីភាព និងឯករាជ្យភាព នៅលើទឹកដីដូនតារបស់ពួកគេ និងគោលដៅរបស់ពួកគេ ក្នុងការបង្កើតរដ្ឋឯករាជ្យមួយដោយមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន។
លោកប្រធានអាជ្ញាធរប៉ាឡេស្ទីន បានគូសបញ្ជាក់ពីការកាន់កាប់របស់អ៊ីស្រាអែលដែលកំពុងបន្ត ថា ជាឧបសគ្គចម្បងចំពោះសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់ថា ការកាន់កាប់នេះ ត្រូវតែបញ្ចប់ ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីន។
នៅក្នុងសុន្ទរកថារបស់ខ្លួន លោក អាបាស បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សហគមន៍អន្តរជាតិ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងដ៏សំខាន់ ដើម្បីសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងទូលំទូលាយ ដែលស្របតាមច្បាប់អន្តរជាតិ និងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់។