បន្ទាប់ពីបានដាក់ឲ្យដំណើរការសាកល្បងផ្ទៃក្នុងរយៈពេល៣ខែកន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីផ្តល់ភាពងាយស្រួលដល់វិនិយោគិនអាចដាក់ពាក្យពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ពោលគឺកាត់បន្ថយជំនួបរវាងមន្រ្តី និងអ្នកវិនិយោគ និងកាត់បន្ថយពេលវេលាពីរយៈពេលវែងឲ្យមកខ្លី។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធថ្មីនេះ នឹងជួយសម្រួលដល់កិច្ចវិនិយោគរបស់អ្នកវិនិយោគនានាទាំងនៅក្នុងស្រុក និងក្រៅប្រទេស ឲ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំងចូលរួមកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ប្រព័ន្ធថ្មីនេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នឹងពង្រីកទៅកាន់ក្រសួង ស្ថាប័នជាច្រើនផ្សេងៗទៀត រួមមាន៖ ក្រសួងពាណិជ្ជកម្ម , ក្រសួងទេសចរណ៍ , ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ , អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា , ក្រសួងរៀបចំដែនដី និងនគររូបនីយកម្ម និងក្រសួងមហាផ្ទៃជាដើម ដើម្បីបញ្ជូនព័ត៌មាននានាអំពីឱកាសវិនិយោគ កុំឲ្យអ្នកវិនិយោគមានការលំបាករត់ពីមួយទៅមួយ ដែលជាបញ្ហាកើតឡើងដដែលជាដដែល។ ហើយប្រព័ន្ធនេះដែរ នឹងធ្វើឲ្យអ្នកវិនិយោគកាន់តែទទួលបាននូវទំនុកចិត្តមួយកម្រិតថែមទៀតពីវិនិយោគិនទាំងជាតិ និងអន្តរជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង ទាក់ទាញអ្នកវិនិយោគ ឲ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ច ឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។

ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) បង្កើតឡើងមានគោលបំណងជំរុញការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមគាំទ្រការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានរៀបចំប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ដោយមានអនុលោមភាពជាមួយនឹងអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី


