ប្រទេសអាហ្វ្រិកខាងត្បូង បានឃើញការថយចុះនៃឧក្រិដ្ឋកម្មធ្ងន់ធ្ងរ នៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ។ នេះបើយោងតាមស្ថិតិឧក្រិដ្ឋកម្មចុងក្រោយបំផុត ដែលចេញផ្សាយដោយក្រសួងនគរបាល កាលពីថ្ងៃចន្ទ។

រដ្ឋមន្ត្រីនគរបាល លោក Senzo Mchunu បានប្រកាសក្នុងអំឡុងពេលចេញផ្សាយស្ថិតិឧក្រិដ្ឋកម្មប្រចាំត្រីមាសថា ចាប់ពីថ្ងៃទី ០១ ខែកក្កដា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឧក្រិដ្ឋកម្មធ្ងន់ធ្ងរចំនួន ១៧ករណី ដែលត្រូវបានរាយការណ៍ដោយសហគមន៍ ក្នុងនោះមានឃាតកម្ម ប្លន់ និងប្លន់រថយន្ត បានបង្ហាញពីការធ្លាក់ចុះសរុបចំនួន ៥,១ ភាគរយ។
លោក Mchunu បាននិយាយថា៖«ឧក្រិដ្ឋកម្មទាក់ទងហិង្សា បានថយចុះ ៣ ភាគរយ ឧក្រិដ្ឋកម្មទាក់ទងនឹងទ្រព្យសម្បត្តិ បានថយចុះ ៩,៩ ភាគរយ ហើយឧក្រិដ្ឋកម្មធ្ងន់ធ្ងរផ្សេងទៀត បានថយចុះ ៣,៤ ភាគ រយ។
លោកបានបន្តថា៖ «ដោយផ្តោតលើឧក្រិដ្ឋកម្មទំនាក់ទំនងហិង្សា ស្ថិតិបង្ហាញថា ឃាតកម្មបានថយចុះ ៥,៨ ភាគរយ រំលោភបំពានផ្លូវភេទ ២,៥ ភាគរយ និងអំពើប្លន់មានស្ថានទម្ងន់ទោស ៨,៨ ភាគរយ»។
«លើសពីនេះទៅទៀតនោះ ការរំលោភសេពសន្ថវៈ បានថយចុះ ៣,១ ភាគរយ ខណៈពេលដែលការប្លន់នៅក្នុងបរិវេណលំនៅឋាន បានថយចុះ ១, ៣ភាគរយ និង ការប្លន់មិនមែននៅក្នុងបរិវេណលំនៅឋាន បានថយចុះ ២១,១ ភាគរយ»។