ភ្នំពេញ ៖ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ គ ជ ប បានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋ រួសរាន់ទៅចុះឈ្មោះបោះឆ្នោត កាលពីថ្ងៃទី១២ តុលាកន្លងមក គឺមកដល់ថ្ងៃទី២៥ តុលានេះ មានបងប្អូនប្រមាណ១៤ម៉ឺននាក់ហើយ បាននាំគ្នាទៅចុះឈ្មោះបោះឆ្នោត ដើម្បីទៅចុះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី៥ឆ្នាំ២០២២។
បញ្ជាក់ប្រាប់តាមទូរស័ព្ទ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ ជ ប បានលើកឡើងថា មកដល់ពេលនេះ មានរយៈពេល១៤ថ្ងៃហើយ ដែល គ ជ ប បានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ហើយមួយថ្ងៃៗ ជាមធ្យម គឺមានបងប្អូនប្រជាពលរដ្ឋ ប្រមាណ១ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោត មានន័យថា រយៈពេល១៤ថ្ងៃ គឺមានបងប្អូនប្រជាពលរដ្ឋ បានទៅចុះឈ្មោះបោះឆ្នោតប្រមាណចំនួន១៤ម៉ឺននាក់ហើយ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី៥ នឹងបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុននា ឆ្នាំ២០២២ ដែលនៅសល់ប្រមាណ៨ខែទៀតប៉ុណ្ណោះហើយនឹងមានប្រជាពលរដ្ឋប្រមាណ១០លាននាក់ ទៅបោះឆ្នោត៕
អត្ថបទ ៖ គង់ រ៉េន