លោក Ali Fadavi អគ្គមេបញ្ជាការរងនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានរាយការណ៍ថា អ៊ីរ៉ង់បានប្រឈមមុខនឹងកងកម្លាំងយោធាចម្រុះរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង អំឡុងពេលមានជម្លោះជាមួយអ៊ីស្រាអែល។
សេវាសារព័ត៌មានរបស់ IRGC បានដកស្រង់សម្តីមេដឹកនាំយោធានេះថា៖«បន្ទាប់ពីកិច្ចប្រតិបត្តិការ True Promise រួចមក ពិភពលោកទាំងមូល បានទទួលស្គាល់ថា កម្លាំងនៃរបបអ៊ីស្រាអែល ត្រូវបានគេវាយតម្លៃ ខុស។ តាមការពិត យើងបានប្រឈមមុខនឹងសម្ព័ន្ធមិត្តរបស់របបនេះ គឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង»។
លោកបាននិយាយថា៖«សក្ដានុពលយោធាទាំងមូលរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងត្រូវបានប្រមូលផ្តុំ ដើម្បីទប់ស្កាត់កិច្ចប្រតិបត្តិការរបស់អ៊ីរ៉ង់ ប៉ុន្តែ IRGC បានបញ្ចប់បេសកកម្មរបស់ខ្លួន»។
កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៤ អ៊ីរ៉ង់បានបើកការវាយប្រហារដោយគ្រាប់រ៉ូកែត និងមីស៊ីល ទ្រង់ទ្រាយធំមួយទៀតប្រឆាំងនឹងអ៊ីស្រាអែល ជាការសងសឹកចំពោះការសម្លាប់មន្ត្រីជាន់ខ្ពស់មកពីចលនាប៉ាឡេស្ទីនហាម៉ាស ចលនាហេសបូឡា Shia ដែលមានមូលដ្ឋាននៅលីបង់ និងកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ។ ចំណែកអ៊ីស្រាអែល ប្តេជ្ញាឆ្លើយតបនឹងការវាយប្រហារនោះ។