ជើងហោះហើរជម្លៀសរបស់អង្គការសហប្រជាជាតិ (UN) គ្រោងនឹងចុះចតនៅទីក្រុង Panama របស់ប្រទេសប៉ាណាម៉ា ក្នុងសប្តាហ៍នេះ ខណៈដែលអង្គការអន្តរជាតិមួយដកបុគ្គលិកចេញពីប្រទេសហៃទី ដោយសារការកើនឡើងយ៉ាងខ្លាំងក្លានូវអំពើហិង្សារបស់ក្រុមជនអន្ធពាលប្រដាប់អាវុធ ដែលបានពង្រីកការគ្រប់គ្រងរបស់ពួកគេលើរដ្ឋធានី Port-au-Prince (ព័រអូប្រាំង) កាន់តែធំឡើងៗ។
ក្រសួងការបរទេសរបស់ប៉ាណាម៉ា បាននិយាយថា ជើងហោះហើរមនុស្សធម៌ចំនួន ២វ៉ុល នឹងមកដល់រដ្ឋធានីរបស់ប្រទេសខ្លួន ដោយចាកចេញពីហៃទី នៅថ្ងៃអង្គារ (ទី២៦ ខែវិច្ឆិកា) និងថ្ងៃពុធ (ទី២៧ ខែវិច្ឆិកា) នេះ ដោយដឹក «ទីប្រឹក្សានគរបាលឯកសណ្ឋានអន្តរជាតិ» ចំនួន ២២នាក់ និងមន្ត្រី UN ចំនួន ២នាក់ ដោយឈប់សំចតឆ្លងកាត់រយៈពេលយូរបំផុត ៧២ម៉ោង។
គួររំលឹកថា អ្នកសម្របសម្រួលផ្នែកមនុស្សធម៌ និងអ្នកស្រុករបស់ UN នៅប្រទេសហៃទី លោកស្រី Ulrika Richardson បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីសប្តាហ៍មុនថា UN កំពុងចាប់ផ្តើមកាត់បន្ថយវត្តមានរបស់ខ្លួនបន្តិច នៅក្នុងរដ្ឋធានីព័រអូប្រាំង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនូវអំពើហិង្សា នៅក្នុងខែនេះ។
ចំណែកប្រធានការិយាល័យសមាហរណកម្មរបស់ UN នៅហៃទី លោកស្រី Maria Isabel Salvador បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា គិតត្រឹមថ្ងៃចន្ទ បុគ្គលិកប្រហែល ១.៥២៧នាក់ ក្នុងចំណោមបុគ្គលិក ១.៧២៥នាក់ នៅតែស្ថិតក្នុងប្រទេសហៃទីដដែល។
រីឯអង្គការមនុស្សធម៌របស់សហរដ្ឋអាមេរិក Mercy Corps កាលពីថ្ងៃចន្ទ បានប្រកាសថា ខ្លួនកំពុងផ្លាស់បុគ្គលិកមួយចំនួនទៅកាន់តំបន់ផ្សេងទៀត នៅខាងក្រៅទីក្រុងព័រអូប្រាំង ខណៈពេលដែលក្រុមគ្រូពេទ្យគ្មានព្រំដែន បានផ្អាកប្រតិបត្តិការក្នុងរដ្ឋធានី ដោយលើកឡើងពីការគំរាមកំហែងរបស់នគរបាល។
គួរបញ្ជាក់ថា អ្នកវិភាគ ប៉ាន់ប្រមាណថា ក្រុមអន្ធពាលប្រដាប់អាវុធ ដែលជាច្រើនក្រុមនៅពីក្រោយសម្ព័ន្ធភាពមួយឈ្មោះ Viv Ansanm គ្រប់គ្រងរដ្ឋធានីពី ៨០ភាគរយទៅ ៩០ភាគរយ ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ពួកគេបានពង្រីកបន្ថែមទៀត ដោយវាយប្រហារឃុំសង្កាត់នានាដែលពីមុនគេចផុតពីអំពើហិង្សាដ៏អាក្រក់បំផុតនេះ៕