វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់លេខ ១ ពិភពលោក Ashleigh Barty បានប្រកាសបញ្ចប់រដូវកាល ២០២១ របស់ខ្លួនត្រឹមនេះ ដោយមិនចូលរួមការប្រកួតកម្មវិធីចុងក្រោយ WTA Finals ក្នុងនាមជាអ្នកការពារតំណែងជើងឯក។ កីឡាករអូស្ត្រាលីវ័យ ២៥ឆ្នាំរូបនេះបាននិយាយក្នុងសេចក្តីប្រកាសរបស់ខ្លួនថា នាងនឹងមិនចូលរួមការប្រកួតការប្រកួតដែលនៅក្នុងសល់ក្នុងឆ្នាំ២០២១ នេះឡើយដើម្បីបន្តថែខ្លួនក្រោយជាពីរបួស។

Ashleigh Barty បានបន្តទៀតថា នាងក៏នឹងមិនចូលរួមការប្រកួត WTA Finals ដែលនឹងរៀបចំឡើងនៅទីក្រុង Guadalajara ប្រទេសម៉ិកស៊ិកផងដែរដោយសារបញ្ហាកូវីដ-១៩ ដែលតម្រូវឱ្យនាងធ្វើចត្តាឡីស័កនៅពេលវិលត្រលប់មកដល់អូស្ត្រាលី។ WTA Finals នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែវិច្ឆិកាខាងមុខនេះរយៈពេល ១សប្តាហ៍។ Barty បានបន្ថែមទៀតថា នាងត្រូវការពេលវេលាបន្ថែមទៀតដើម្បីត្រៀមខ្លួនឱ្យបានល្អវិញសំរាប់ការប្រកួត Grand Slam ដើមឆ្នាំ២០២២ Australian Open ក្នុងទឹកដីកំណើតរបស់ខ្លួន។
WTA Finals មិនត្រូវបានរៀបចំឡើយកាលពីឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ-១៩ ខណៈឆ្នាំ២០១៩ Ashleigh Barty គឺជាជើងឯក។ សូមបញ្ជាក់ថា Ashleigh Barty បានឈ្នះជើងឯកចំនួន ៥ ក្នុងឆ្នាំ២០២១ នេះបូករួមទាំង Grand Slam, Wimbledon ផងដែរ ហើយក្រោយមកនាងក៏មិនបានចូលរួមណាឡើយតាំងពីចាញ់ធ្លាក់ត្រឹមជុំទី៣ Grand Slam, US Open កាលពីដើមខែកញ្ញា៕
អត្ថបទ៖នាង សុភាវុធ