ក្រុមអន្តរកាលរបស់លោក Donald Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលរង់ចាំជាយូរមកហើយ ជាមួយរដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden ដើម្បីចាប់ផ្តើមដំណើរការផ្លូវការ ក្នុងការនាំយកបេក្ខជនប្រធានាធិបតីជាប់ឆ្នោតចូលទៅក្នុងទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធ។
ប៉ុន្តែសម្រាប់លោក Trump លោកនៅតែបដិសេធនីតិវិធីស្តង់ដារជាច្រើននៃដំណើរការផ្ទេរអំណាចនេះ។ ហើយក្រុមរបស់លោក បាននិយាយថា លោកនឹងមិនប្រើទីតាំងរដ្ឋាភិបាល ឬគណនីអ៊ីម៉ែល (សារអេឡិកត្រូនិក) ទេ ហើយជំនួសមកវិញ នឹងប្រមូលមូលនិធិឯកជន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ (ទី២៦ ខែវិច្ឆិកា) ប្រធានបុគ្គលិករបស់ក្រុមលោក Trump លោកស្រី Susie Wiles បាននិយាយថា៖ «បន្ទាប់ពីបញ្ចប់ដំណើរការជ្រើសរើសគណៈរដ្ឋមន្ត្រីនាពេលខាងមុខរបស់លោក លោកប្រធានាធិបតីជាប់ឆ្នោត Trump កំពុងចូលទៅក្នុងដំណាក់កាលបន្ទាប់នៃការផ្ទេររដ្ឋបាលរបស់លោក។ ដំណើរការនេះ អាចឲ្យបេក្ខជនគណៈរដ្ឋមន្ត្រីរបស់យើងត្រៀមលក្ខណៈសំខាន់ៗ ក្នុងនោះរួមទាំងការដាក់ក្រុមជំនាញទៅកាន់គ្រប់ក្រសួង និងទីភ្នាក់ងារ ហើយបញ្ចប់ការផ្ទេរអំណាចប្រកបដោយរបៀបរៀបរយ»។
កិច្ចព្រមព្រៀងនេះ អនុញ្ញាតឲ្យដំណើរការផ្ទេរអំណាចជាផ្លូវការចាប់ផ្តើមមុនការស្បថចូលកាន់តំណែងលើកទី២ របស់លោក Trump នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។ ហើយវាក៏អនុញ្ញាតឲ្យក្រុមអន្តរកាលនេះត្រួតពិនិត្យសាវតារតាមរយៈការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ជុំវិញការតែងតាំងរបស់លោក Trump ប៉ុន្តែក្រុមរបស់ប្រធានាធិបតីជាប់ឆ្នោត បានលើកឡើងថា ខ្លួននឹងមិនប្រើប្រាស់ការត្រួតពិនិត្យនេះទេ៕