វិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ (ទី២៦ ខែវិច្ឆិកា) បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងពិភាក្សាអំពីទំនាក់ទំនងថាមពល អំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេសកាហ្សាក់ស្ថាន ក្នុងសប្តាហ៍នេះ ជាការធ្វើដំណើរមួយដែលបានកើតឡើងចំពេលមានភាពតានតឹងពាណិជ្ជកម្មជាមួយប្រទេសអាស៊ីកណ្តាល ដែលការនាំចេញប្រេងភាគច្រើនរបស់ខ្លួនធ្វើឡើងតាមរយៈប្រទេសរុស្ស៊ី។
កាហ្សាក់ស្ថាន ដែលបានព្យាយាមមិនពាក់ព័ន្ធទៅនឹងសង្រ្គាមរបស់ទីក្រុងមូស្គូ ក្នុងប្រទេសអ៊ុយក្រែន នៅតែពឹងផ្អែកខ្លាំងលើរុស្ស៊ី សម្រាប់ការនាំចេញប្រេងទៅកាន់ដៃគូលោកខាងលិច ហើយនិងការនាំចូលអាហារ អគ្គិសនី និងផលិតផលប្រេងចម្រាញ់។
ក្នុងអត្ថបទមួយ នៅលើទំព័រសារព័ត៌មាន Kazakhstanskaya Pravda ដែលមានចំណងជើងថា «រុស្ស៊ី-កាហ្សាក់ស្ថាន៖ សហជីពដែលជីវិតទាមទារ និងសម្លឹងទៅអនាគត» និងដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង លោក Putin បានសរសេរថា៖ «ប្រទេសរបស់ពួកយើងកំពុងមាននូវកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា នៅក្នុងវិស័យប្រេង និងហ្គាស»។
អមដោយគូសបញ្ជាក់ថា ជាង ៨០ភាគរយនៃប្រេងរបស់ប្រទេសកាហ្សាក់ស្ថាន ត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេសតាមរយៈប្រទេសរុស្ស៊ីនោះ លោក Putin ដែលចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកទៅកាន់កាហ្សាក់ស្ថាននៅថ្ងៃពុធ (ទី២៧ ខែវិច្ឆិកា) នេះ បាននិយាយថា លោក និងប្រធានាធិបតី លោក Kassym-Jomart Tokayev តែងតែផ្តោតលើ «លទ្ធផលជាក់លាក់» នៅរាល់កិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២។
ហើយដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម ជំនួយការគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា លោក Putin និងលោក Tokaev នឹងចុះហត្ថលេខាលើពិធីសារ ស្តីពីការបន្តកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងដល់កាហ្សាក់ស្ថាន៕