មន្ត្រីអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ (ទី២៦ ខែវិច្ឆិកា) ថា យន្តហោះទម្លាក់គ្រាប់បែក B-52 Stratofortress របស់សហរដ្ឋអាមេរិក ត្រូវបានស្ទាក់ដោយយន្តហោះចម្បាំងរុស្ស៊ី SU-27 ចំនួន ២គ្រឿង នៅជិតទីក្រុង Kaliningrad របស់រុស្ស៊ី លើតំបន់សមុទ្របាល់ទិក កាលពីថ្ងៃទី២៥ ខែវិច្ឆិកា។
គួរបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកនេះ បានស្ថិតនៅតំបន់សមុទ្របាល់ទិក ដើម្បីហាត់សមរួមគ្នាជាមួយសម្ព័ន្ធមិត្តអង្គការណាតូរបស់ខ្លួន គឺហ្វាំងឡង់ដែលមានព្រំដែនប្រវែង ១.៣៤០គីឡូម៉ែត្ររួមជាមួយរុស្ស៊ី ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងៗដែលកើតចេញពីការគាំទ្ររបស់លោកខាងលិច ចំពោះប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់ការលុកលុយរបស់រុស្ស៊ី។
ការស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែកអាមេរិក កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ដោយយន្តហោះចម្បាំងរុស្ស៊ីនេះ បានកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីរុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមលឿនជាងសំឡេងចូលអ៊ុយក្រែន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ដើម្បីឆ្លើយតបទៅនឹងការសម្រេចរបស់សហរដ្ឋអាមេរិក និងអង់គ្លេស ដែលអនុញ្ញាតឲ្យទីក្រុងគីវវាយប្រហារដែនដីរុស្ស៊ី ដោយប្រើអាវុធកម្រិតខ្ពស់របស់លោកខាងលិច។
តែយ៉ាងណាក្ដី មន្ត្រីអាមេរិកបានប្រាប់សារព័ត៌មាន Reuters ថា យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក មិនបានផ្លាស់ប្តូរផ្លូវហោះហើរដែលបានគ្រោងទុកឡើយ ក្នុងអំឡុងពេលដែលត្រូវបានចាត់ទុកថា ជាការស្ទាក់មិនបង្កគ្រោះថ្នាក់ និងប្រកបដោយវិជ្ជាជីវៈពីយន្តហោះ Su-27 របស់រុស្ស៊ី៕