នៅថ្ងៃពុធនេះ រដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង បានគ្របដណ្តប់ដោយព្រិលធ្លាក់ក្រាស់បំផុតជាប់កំណត់ត្រាអំឡុងខែវិច្ឆិកា ស្របពេលដែលអាកាសដ៏អាក្រក់នេះ បានធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ កាត់ផ្តាច់ចរន្តអគ្គិសនី និងផ្អាកការហោះហើររាប់រយវ៉ុល ពេលដែលក្រុមអាជ្ញាធរ ប្រឈមនឹងព្រិលធ្លាក់ច្រើនជាងនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
អ្នកនាង Seo Jeong-hye គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងសេអ៊ូល និយាយនៅទីលានចតុរង្គGwanghwamuដែលគ្របដណ្តប់ដោយព្រិលថា នេះគឺជាលើកដំបូងហើយដែលខ្ញុំបានមើលឃើញព្រិលដំបូងក្នុងរដូវធ្លាក់ច្រើនបែបនេះ ខ្ញុំមិនអាចជួយអ្វីបាននោះទេ ប៉ុន្តែខ្ញុំគិតថា វាគឺជាករណីអាកាសធាតុអាក្រក់ ។
ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង និយាយថា ខ្យល់ត្រជាក់បក់មកពីទិសពាយ័ព្យបានប្រែក្លាយដំណក់ទឹកភ្លៀងក្លាយជាព្រិលពេញមួយយប់ ធ្វើឲ្យមានព្រិលធ្លាក់កម្រាស់ ១៨សង់ទីម៉ែត្រលើដី គិតត្រឹមវេលាម៉ោង ៣ល្ងាចថ្ងៃពុធនេះ និងធ្វើឲ្យវាក្លាយជាការធ្លាក់ព្រិលក្រាស់បំផុតជាប់កំណត់ត្រា ចាប់តាំងពីឆ្នាំ ១៩០៧ ។
ជើងហោះហើរជាង ២០០វ៉ុល ត្រូវបានលុបចោល ឬពន្យាពេល ដែលភាគច្រើនគឺជាជើងហោះហើរក្នុងស្រុក ពេលដែលអាកាសយានដ្ឋាននៅទូទាំងប្រទេសកូរ៉េខាងត្បូង ជួបស្ថានភាពអាកាសធាតុអាក្រក់ខ្លាំង រួមទាំងខ្យល់បក់ខ្លាំងផងដែរ ហើយនាវាចម្លងយ៉ាងហោច ៧០គ្រឿងនៅតាមកោះ ត្រូវបានផ្អាកផងដែរ ៕


