នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានប្រកាសជំនួយបន្ថែមទៀតចំនួន ២,៣ពាន់លានអឺរ៉ូ(ស្មើនឹង ២,៤២ពាន់លានដុល្លារ) ដើម្បីកសាងតំបន់ Valencia ឡើងវិញ ក្រោយទឹកជំនន់ស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តនាសម័យទំនើបរបស់អេស្ប៉ាញ ។
មនុស្សជាង ២២០នាក់ បានស្លាប់ និងមនុស្ស ៥នាក់ផ្សេងទៀត នៅកំពុងបាត់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី ២៩ ខែតុលាកន្លងទៅ បង្កឲ្យមានទឹកជំនន់ដ៏គំហក់ដែលបានវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងរដ្ឋធានីតំបន់ Valencia ។ កញ្ចប់ថវិកាចុងក្រោយនេះ ស្ថិតនៅពីលើជំនួយ ១៤,៣៦ពាន់លានអឺរ៉ូដែលបានប្រកាសកាលពីមុន ។
លោក Sanchez បាននិយាយការពារដល់វិធានការពីរដ្ឋាភិបាលអេស្ប៉ាញ អំឡុងពេលដោះស្រាយវិបត្តិទឹកជំនន់ ដោយលោកបញ្ជាក់ថា ពួកយើងនឹងបន្តគាំទ្រដល់តំបន់រងផលប៉ះពាល់រហូតដល់ពួកគេងើបឡើងវិញទាំងស្រុង វិលត្រឡប់ទៅរកជីវិតធម្មតាវិញ ។
លោកនិយាយថា រដ្ឋាភិបាលអេស្ប៉ាញ នឹងមានជំនួបគណៈរដ្ឋមន្រ្តីវិសាមញ្ញនៅថ្ងៃស្អែកនេះ ជាទីដែលពួកយើងនឹងអនុម័តកញ្ចប់ជំនួយទី ៣ជាមួយនឹងវិធានការចំនួន ៦០ ដែលត្រូវបានបង្កើតឡើងដើម្បីពន្លឿនដល់ការវិលត្រឡប់មករកប្រក្រតីភាពវិញ និងការងើបឡើងវិញនៅតាមតំបន់រងផលប៉ះពាល់ដោយសារសោកនាដកម្មទឹកជំនន់មួយនេះ ៕


