រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅថ្ងៃពុធ (ទី២៧ ខែវិច្ឆិកា) នេះ បាននិយាយថា លោកនឹងស្នើឲ្យមានដីកាចាប់ខ្លួន ចំពោះមេដឹកនាំយោធារបស់សហភាពមីយ៉ាន់ម៉ា គឺលោក Min Aung Hlaing ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជុំវិញការចោទប្រកាន់ពីការធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា ដែលជាជនជាតិភាគតិចកាន់សាសនាអ៊ិស្លាមដោយភាគច្រើន។
ក្រុមចៅក្រម ៣រូប ឥឡូវនេះ នឹងសម្រេចថា តើពួកគេយល់ស្របថា មាន «ហេតុផលសមរម្យ» ដើម្បីផ្ដល់ការជឿជាក់គ្រប់គ្រាន់ថា លោកឧត្តមសេនីយ៍ Min Aung Hlaing ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះការនិរទេស និងការធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា នៅសហភាពមីយ៉ាន់ម៉ា និងប្រទេសបង់ក្លាដែសដែរ ឬយ៉ាងណា។
យ៉ាងណាក្ដី មិនទាន់មានការកំណត់ពេលវេលា សម្រាប់ការសម្រេចរបស់ពួកគេនៅឡើយទេ ប៉ុន្តែជាទូទៅ វាត្រូវចំណាយពេលប្រមាណជា ៣ខែ ដើម្បីសម្រេចការចេញដីកាចាប់ខ្លួននេះ។ អ្នកនាំពាក្យរបបយោធា ដែលកំពុងកាន់អំណាច នៅសហភាពមីយ៉ាន់ម៉ា មិនបានឆ្លើយតបនោះឡើយ សម្រាប់ការហៅទូរសព្ទ ដើម្បីស្វែងរកការអត្ថាធិប្បាយពីរដ្ឋាភិបាលយោធា ភ្លាមៗបន្ទាប់ពីការប្រកាសនោះ។
ការិយាល័យរដ្ឋអាជ្ញា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនកំពុងស្វែងរកដីកានេះ បន្ទាប់ពីមាននូវការស៊ើបអង្កេតយ៉ាងទូលំទូលាយ ឯករាជ្យ និងមិនលម្អៀង។ សេចក្តីថ្លែងការណ៍បន្តថា ការស្នើឲ្យមានដីកាចាប់ខ្លួនបន្ថែមទៀត នឹងកើតមានបន្តបន្ទាប់។
គួរបញ្ជាក់ថា ជនមូស្លីមរ៉ូហ៊ីងយ៉ាជាង ៧៣០.០០០នាក់ បានភៀសខ្លួនទៅកាន់បង់ក្លាដែស អំឡុងយុទ្ធនាការដែលអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បាននិយាយថា ធ្វើឡើងដោយមាន «គោលបំណងប្រល័យពូជសាសន៍»៕

