ប្រធានសភាលីបង់លោក Nabih Berri និយាយនៅថ្ងៃពុធនេះថា សង្រ្គាមជាមួយអ៊ីស្រាអែល គឺជាដំណាក់កាលគ្រោះថ្នាក់បំផុតនៅក្នុងប្រវត្តិសាស្រ្តប្រទេសរបស់លោក រយៈពេលប៉ុន្មានម៉ោងក្រោយបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចូលជាធរមាន ។
កងទ័ពលីបង់ដែលមានការងាជួយឲ្យមានបទឈប់បាញ់និយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃពុធនេះថា ពួកគេត្រៀមខ្លួនដាក់ពង្រាយទៅកាន់តំបន់ភាគខាងត្បូងប្រទេសលីបង់ ។ យោធាលីបង់ បានស្នើសុំឲ្យពលរដ្ឋរស់នៅតាមភូមិជាប់ព្រំដែនពន្យាពេលការវិលត្រឡប់ទៅផ្ទះសិន រហូតដល់យោធាអ៊ីស្រាអែលដែលធ្វើសង្រ្គាមជាមួយក្រុមហេសបូឡាជាច្រើនលើកច្រើនសារ និងរុលចូលទឹកដីលីបង់ចម្ងាយ ៦គ.ម ដកទៅវិញអស់ ។
ស្របពេលដែលបទឈប់បាញ់កើតមាននៅព្រឹកថ្ងៃពុធ អ៊ីស្រាអែលនិយាយថា ពួកគេបានមើលឃើញភ្នាក់ងារហេសបូឡាវិលត្រឡប់ទៅកាន់តំបន់ជិតព្រំដែន ហើយនិងបានបាញ់មិនឲ្យពួកគេទៅជិត ។
កិច្ចព្រមព្រៀងដែលសន្យាបញ្ចប់ជម្លោះឆ្លងកាត់ព្រំដែនអ៊ីស្រាអែល-លីបង់ សម្លាប់មនុស្សរាប់ពាន់នាក់នេះ ចាប់តាំងពីផ្ទុះឡើងដោយសារសង្រ្គាមហ្កាហ្សាកាលពីឆ្នាំមុន បានក្លាយជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់សហរដ្ឋអាមេរិក នៅថ្ងៃជិតបញ្ចប់រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ។
កិច្ចព្រមព្រៀងនេះ ទំនងជាជំរុញឲ្យអ៊ីស្រាអែលងាកមកផ្តោតសំខាន់កាន់តែខ្លាំងជាងនេះលើជម្លោះនៅតំបន់ហ្កាហ្សា ជាទីដែលពួកគេសន្យាកម្ទេចសត្រូវយូរអង្វែងហាម៉ាស់ឲ្យក្លាយជាផេះ ៕

