លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា វ៉ាក់សាំងការពារមហារីករបស់រុស្ស៊ី នឹងក្លាយជារបកគំហើញដ៏ធំមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
ប្រមុខរដ្ឋរូបនេះ បានជួបប្រជុំជាមួយ លោកស្រី Veronika Skvortskova ប្រធានទីភ្នាក់ងារវេជ្ជសាស្ត្រ-ជីវសាស្ត្រសហព័ន្ធ (FMBA) ដែលបានពន្យល់គាត់អំពីការផលិតវ៉ាក់សាំងនេះ។ យោងតាមលោកស្រីបានឲ្យដឹងថា វ៉ាក់សាំងមហារីករបស់ FMBA នឹងរួចរាល់សម្រាប់ប្រើប្រាស់ក្នុងរយៈពេលប្រហែលមួយឆ្នាំ។
លោក ពូទីន បានបញ្ជាក់ថា៖«វ៉ាសាំងនេះ នឹងនៅតែជារបកគំហើញមួយ» ។
ប្រធាន FMBA នេះ បានប្រកាសថា ទីភ្នាក់ងារកំពុងធ្វើការលើវ៉ាក់សាំងសម្រាប់ជំងឺមហារីក និងមហារីកសាច់ដុះ នៅក្នុងខែមេសា។ លោកស្រី បានបញ្ជាក់ថា វ៉ាក់សាំងនេះ គឺសម្រាប់មហារីកពោះវៀនធំ មហារីកស្បែកដ៏គ្រោះថ្នាក់ និងមហារីកខួរក្បាល។

